(មូស្គូ)៖ ក្នុងពេលចុះទៅតំបន់ Kursk លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យកងទ័ពរុស្ស៉ីបង្កើនការវាយលុក និងដណ្តើមយកទឹកដីរុស្ស៉ីដែលនៅសេសសល់ ពីដៃកងកម្លាំងអ៊ុយក្រែនមកវិញឱ្យបានឆាប់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ ២០២៥។
លោក ពូទីន បាននិយាយថា «ភារកិច្ចរបស់យើងនាពេលខាងមុខ ក្នុងរយៈពេលដ៏ខ្លីបំផុត គឺកម្ចាត់សត្រូវដែលបានចូលកាន់កាប់ក្នុងតំបន់ Kursk ហើយបន្តប្រយុទ្ធនៅទីនេះ ដើម្បីរំដោះទឹកដីទាំងស្រុង និងស្តារស្ថានការណ៍ឡើងវិញតាមខ្សែបន្ទាត់ព្រំដែនរដ្ឋ»។
លោក ពូទីន បញ្ជាក់ទៀតថា លោកកំពុងពិចារណាបង្កើតតំបន់ការពារថ្មីមួយ នៅក្នុងតំបន់ Sumy របស់អ៊ុយក្រែន ដែលនៅជាប់នឹងតំបន់ Kursk ដើម្បីការពារពីការលុកលុយរបស់អ៊ុយក្រែននាពេលអនាគត។ រីឯករណីពលរដ្ឋបរទេស ដែលមកប្រយុទ្ធជាមួយអ៊ុយក្រែន ហើយត្រូវចាប់ខ្លួននៅតំបន់ Kursk និងគ្មានសិទ្ធិទទួលបានការការពារពីអនុសញ្ញាទីក្រុងហ្សឺណែវ ដូច្នេះទាហានអ៊ុយក្រែនដែលត្រូវចាប់ខ្លួនបាននៅទីនេះដូចគ្នា ក៏គួរតែត្រូវបានចាត់ទុកជាភេរវករ។
គួរបញ្ជាក់ថា ការចុះទៅកាន់តំបន់ Kursk ជាទីដែលអ៊ុយក្រែនបើកការវាយលុកឆ្លងព្រំដែន នៅខែសីហា ឆ្នាំមុន ពីសំណាក់ លោក ពូទីន បានធ្វើឡើងបន្ទាប់ពីទីក្រុងវ៉ាស៉ីនតោន ស្នើឱ្យលោកពិចារណាលើសំណើបទឈប់បាញ់រយៈពេល ៣០ថ្ងៃ។ សំណើនេះក៏ត្រូវបានគាំទ្រដោយអ៊ុយក្រែនផងដែរ និងនៅខណៈដែលកងកម្លាំងរុស្ស៉ី ដណ្តើមបានមកវិញនូវទឹកដីក្នុងតំបន់ Kursk ដោយបង្ខំឱ្យទាហានអ៊ុយក្រែនដកថយចេញពីភូមិ Sudzha របស់រុស្ស៉ី៕