(មូស្គូ)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ក្រសួងការពារជាតិរុស្ស៉ី បាននិយាយថា រុស្ស៉ីបានបាញ់ទម្លាក់យន្តហោះដ្រូនអ៊ុយក្រែន ចំនួន៧៧គ្រឿង កាលពីវេលាយប់កន្លងទៅ បន្ទាប់ពី២ថ្ងៃមុន ទីក្រុងកៀវបានធ្វើសកម្មភាពវាយប្រហារធំបំផុត សំដៅ​មកលើទីក្រុងមូស្គូផ្ទាល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងថា យន្តហោះដ្រូន៣០គ្រឿង ត្រូវបានបាញ់ស្កាត់ និងកម្ទេចចោល នៅលើតំបន់ Bryansk ភាគខាងលិច ជាប់ព្រំប្រទល់អ៊ុយក្រែន ខណៈ២៥គ្រឿង ត្រូវបានបាញ់ទម្លាក់ នៅលើតំបន់ Kaluga។ ក្រៅពីនេះ ដ្រូនដទៃទៀតរបស់អ៊ុយក្រែន ត្រូវស្ទាក់បាននៅលើតំបន់ Kursk, Voronezh, Rostov និង Belgorod។

ការវាយប្រហារថ្មីចុងក្រោយរបស់អ៊ុយក្រែន គឺកើតមានឡើងបន្ទាប់ពីរុស្ស៉ីបានបាញ់ទម្លាក់ ដ្រូនជាង៩០គ្រឿងនៅតំបន់មូស្គូ កាលពី២ថ្ងៃមុន។ អាជ្ញាធររុស្ស៉ីបានអះអាងថា មនុស្ស ៣នាក់បានស្លាប់ និងមួយចំនួនទៀតបានរងរបួស ក្នុងការវាយប្រហារកាលពីថ្ងៃអង្គារ ជាថ្ងៃដែលរុស្ស៉ីបានបាញ់ទម្លាក់ ដ្រូនអ៊ុយក្រែនសរុបរហូតដល់៣៣៧គ្រឿង នៅទូទាំងប្រទេស។ វាគឺជាការវាយប្រហារដ្រូន ក្នុងទ្រង់ទាយធំបំផុត មកលើទីក្រុងមូស្គូនិងប្រទេសរុស្ស៉ីទាំងមូល អំឡុងសង្រ្គាមជាង៣ឆ្នាំមកនេះ រវាងភាគីទាំងពីរ។

គួរបញ្ជាក់ថា ដោយឡែក កាលពីយប់កន្លងទៅ ទីក្រុងមួយចំនួនរបស់អ៊ុយក្រែន ក៏បានស្ថិតក្រោមការវាយប្រហារតាមអាកាសរបស់រុស្ស៉ីផងដែរ រួមមានទាំងរដ្ឋធានី Kyiv ហើយនិងទីក្រុង Kherson និង Dnipropetrovsk។ បើតាមអាជ្ញាធរអ៊ុយក្រែន ស្រ្តីអាយុ៤២ឆ្នាំម្នាក់ បានស្លាប់នៅ Kherson៕