(វ៉ារស្សាវ៉ា)៖ ប្រធានាធិបតី​ប៉ូឡូញ លោក Andrzej Duda នៅថ្ងៃព្រហស្បតិ៍នេះ​បាន​អំពាវនាវ​ឲ្យ​សហរដ្ឋអាមេរិក​ ដាក់​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​លើ​ទឹកដី​ប៉ូឡូញ ដើម្បី​ជា​ការ​រារាំង​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​នា​ពេល​អនាគត។ នេះ​បើ​តាម​សេចក្ដី​រាយការណ៍​របស់​កាសែត Financial Times។

លោក Duda បាន​ប្រាប់​កាសែត​ថា លោក​បាន​ពិភាក្សា​សំណើ​នេះ​ជាមួយ​ លោក Keith Kellogg ដែល​ជា​បេសកជន​ពិសេស​របស់​ប្រធានាធិបតី​អាមេរិក ទទួល​បន្ទុក​កិច្ចការ​អ៊ុយក្រែន​និង​រុស្ស៊ី។

ប៉ូឡូញ​ ធ្លាប់​បាន​បង្ហាញ​ពី​ការ​ត្រៀម​ខ្លួន ​ក្នុង​ការ​ទទួល​យក​អាវុធ​នុយក្លេអ៊ែរ​របស់​អាមេរិក​ ក្រោម​កម្មវិធី​ចែករំលែក​អាវុធ​នុយក្លេអ៊ែរ (nuclear sharing program)។ អ្នក​បង្កើត​គោលនយោបាយ​ប៉ូឡូញ ​ក៏​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ចំពោះ​គំនិត​ផ្ដួចផ្ដើម​របស់​ប្រធានាធិបតី​បារាំង លោក Emmanuel Macron ក្នុង​ការ​ពង្រីក​ឆ័ត្រ​នុយក្លេអ៊ែរ​របស់​បារាំង​ ឲ្យ​គ្របដណ្ដប់​លើ​សម្ព័ន្ធមិត្ត​អឺរ៉ុប​របស់​ខ្លួន។

លោក Duda បាន​ថ្លែង​ក្នុង​បទសម្ភាសន៍​ជាមួយ FT ថា "ព្រំដែន​របស់​ណាតូ​បាន​ផ្លាស់ប្ដូរ​ទៅ​ទិស​ខាងកើត​ក្នុង​ឆ្នាំ ១៩៩៩ ដូច្នេះ ២៦ ឆ្នាំ​ក្រោយ​មក ហេដ្ឋារចនាសម្ព័ន្ធ​របស់​អង្គការ​ណាតូ​ក៏​គួរតែ​ផ្លាស់ប្ដូរ​ទៅ​ទិស​ខាងកើត​ផង​ដែរ។ សម្រាប់​ខ្ញុំ នេះ​គឺ​ជាក់ស្តែង"។ លោក​បាន​បន្ថែម​ថា វា​នឹង​មាន​សុវត្ថិភាព​ជាង ប្រសិនបើ​អាវុធ​ទាំងនោះ​មាន​នៅ​ក្នុង​ប្រទេស​រួច​ហើយ។

ទោះ​ជា​យ៉ាង​ណា នាយករដ្ឋមន្ត្រី​ប៉ូឡូញ លោក Donald Tusk ដែល​ជា​គូប្រជែង​នយោបាយ​របស់​ប្រធានាធិបតី Duda បាន​សម្តែង​ការ​ប្រុងប្រយ័ត្ន​ចំពោះ​សំណើ​រស៊ើបបែបនេះ​ ដោយលោកបានជំរុញ​ឲ្យ​មានការ​ដោះស្រាយ​បញ្ហា​នេះ​តាម​បណ្តាញ​ការទូត ជាជាង​ការ​ពិភាក្សា​ជា​សាធារណៈ ហើយ​រង់ចាំ​ការ​ឆ្លើយតប​ជា​វិជ្ជមាន​ពី​រដ្ឋបាល ត្រាំ៕