(តេហេរ៉ង់)៖ រដ្ឋមន្ត្រី​ការ​បរទេស​អ៊ីរ៉ង់ លោក Abbas Araqchi បាន​បញ្ជាក់​ថា ការ​ចរចា​ជាមួយ​សហរដ្ឋអាមេរិក​អាច​នឹង​កើតឡើង​បាន ប៉ុន្តែ​លុះត្រាតែ​ភាគី​ទាំងពីរ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ស្មើភាព​គ្នា។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​រដ្ឋ​អ៊ីរ៉ង់​ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥។

ការ​លើក​ឡើង​នេះ​ កើតឡើង​បន្ទាប់​ពី​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំបាន​ប្រកាស​កាលពី​សប្តាហ៍​មុន​ថា លោក​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​មេដឹកនាំ​កំពូល​អ៊ីរ៉ង់ Ayatollah Ali Khamenei ដើម្បី​ស្នើ​ឲ្យ​មានការ​ចរចា​នុយក្លេអ៊ែរ។ ទោះ​ជា​យ៉ាង​ណា លោក ត្រាំ ក៏​បាន​ព្រមាន​ផង​ដែរ​ថា មាន​តែជម្រើស​ពីរប៉ុណ្ណោះ ​ក្នុង​ការ​ដោះស្រាយ​ជាមួយ​អ៊ីរ៉ង់ គឺ​វិធានការ​យោធា ឬ​កិច្ច​ព្រមព្រៀង។

លោក Araqchi បាន​ថ្លែង​ក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​អ៊ីរ៉ង់​ថា ប្រសិនបើ​អ៊ីរ៉ង់​ចូល​តុ​ចរចា​ខណៈ​ដែល​ភាគី​ម្ខាង​ទៀត (សហរដ្ឋអាមេរិក) កំពុង​ដាក់​សម្ពាធ​ជា​អតិបរមា អ៊ីរ៉ង់​នឹង​ស្ថិត​ក្នុង​ជំហរ​ទន់ខ្សោយ ហើយ​នឹង​មិន​ទទួល​បាន​លទ្ធផល​អ្វី​នោះ​ទេ។ លោក​បាន​បញ្ជាក់​ថា ការ​ចរចា​ដោយ​ស្មើភាព​គ្នា​ជាមួយ​អ៊ីរ៉ង់​អាច​កើត​មាន​បាន ​លុះត្រាតែ​ភាគី​ម្ខាង​ទៀត​ទទួល​ស្គាល់​ជា​មុន​ថា យុទ្ធសាស្ត្រ​ដាក់​សម្ពាធ​មិន​បាន​ផលនោះទេ។

គួរបញ្ជាក់ថា មេដឹកនាំ​កំពូល​អ៊ីរ៉ង់ លោក Khamenei បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ថា ការ​ពិភាក្សា​ជាមួយ​រដ្ឋបាល​លោក ត្រាំ នឹង​គ្រាន់តែ​នាំ​ឲ្យ​មាន​ការ​រឹត​បន្តឹង​ទណ្ឌកម្ម និង​បង្កើន​សម្ពាធ​លើ​អ៊ីរ៉ង់​តែ​ប៉ុណ្ណោះ។

ក្នុង​ឆ្នាំ ២០១៨ ក្នុង​អំឡុង​អាណត្តិ​ប្រធានាធិបតី​ដំបូង​របស់​លោក ត្រាំ សហរដ្ឋអាមេរិក​ បាន​ដក​ខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ រវាង​អ៊ីរ៉ង់​និង​មហាអំណាច​ពិភពលោក ហើយ​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ឡើង​វិញ​លើ​អ៊ីរ៉ង់។ មួយ​ឆ្នាំ​ក្រោយ​មក អ៊ីរ៉ង់​បាន​ចាប់ផ្តើម​រំលោភ​លើ​ការ​រឹត​បន្តឹង​នុយក្លេអ៊ែរ​ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​នោះ៕