(ម៉ូស្គូ)៖ មន្ត្រីជាន់ខ្ពស់វិមានក្រឹមឡាំង លោក Yuri Ushakov បានលើកឡើងថា បទឈប់បាញ់រយៈពេល ៣០ ថ្ងៃនៅអ៊ុយក្រែន តាមសំណើរបស់សហរដ្ឋអាមេរិក នឹងមិនផ្តល់ផលប្រយោជន៍ដល់រុស្ស៊ីទេ ផ្ទុយទៅវិញនឹងផ្តល់ឱកាសឲ្យអ៊ុយក្រែនរៀបចំកម្លាំងឡើងវិញ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​រដ្ឋ​អ៊ីរ៉ង់​ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥។

ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីកងកម្លាំងរុស្ស៊ីទទួលបានជោគជ័យ ក្នុងការវាយប្រហារក្នុងប្រទេសអ៊ុយក្រែន ហើយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្លាស់ប្តូរគោលនយោបាយ ដោយចាប់ផ្តើមចរចាទ្វេភាគីជាមួយរុស្ស៊ី និងផ្អាកជំនួយយោធាដល់អ៊ុយក្រែន។ ទោះបីជាអាមេរិកបន្តផ្តល់ជំនួយឡើងវិញ ក្រោយកិច្ចពិភាក្សានៅអារ៉ាប៊ីសាអូឌីតក៏ដោយ ក៏លោក Ushakov បានបញ្ជាក់ថា សំណើបទឈប់បាញ់ត្រូវតែកែប្រែដើម្បីផលប្រយោជន៍រុស្ស៊ី។

បេសកជន​ពិសេស​របស់​លោក ត្រាំ គឺ លោក Steve Witkoff កាលពីថ្ងៃ​ព្រហស្បតិ៍​ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ម៉ូស្គូ​ ដើម្បី​ពិភាក្សា​អំពី​សំណើ​បទ​ឈប់​បាញ់​នៅ​អ៊ុយក្រែ ខណៈប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​សម្ដែង​ក្តី​សង្ឃឹម​​ថា រុស្ស៊ី​នឹង​យល់ព្រម​លើ​បទ​ឈប់​បាញ់​រយៈពេល ៣០ ថ្ងៃ​ដែល​អ៊ុយក្រែន​បាន​គាំទ្រ។

ទោះជាយ៉ាងណា លោក Yuri Ushakov ដែលជាអតីត​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​ទីក្រុង​វ៉ាស៊ីនតោន និង​ជា​ទីប្រឹក្សា​គោលនយោបាយ​ការបរទេស​របស់​លោក ពូទីន បានថ្លែង​ទៅ​កាន់​ទូរទស្សន៍​រដ្ឋ​រុស្ស៊ីថា លោក​បាន​និយាយ​ជាមួយ​លោក Waltz កាលពី​ថ្ងៃ​ពុធ ដើម្បី​បញ្ជាក់​ជំហរ​របស់​រុស្ស៊ី​ថា បទ​ឈប់​បាញ់​មិន​គួរ​គ្រាន់តែ​ជា​ការ​ផ្អាក​ដើម្បី​ឲ្យ​យោធា​អ៊ុយក្រែន​រៀបចំ​កម្លាំង​ឡើង​វិញ​នោះ​ទេ ហើយ​សំណើ​នេះ​ត្រូវតែ​កែប្រែ​ដើម្បី​គិតគូរ​ពី​ផលប្រយោជន៍​របស់​រុស្ស៊ី។ លោកបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះ​​ «គ្មានផ្តល់​អ្វី​សោះសម្រាប់រុស្ស៊ី» ក្រៅតែពី​ឱកាស​ឲ្យ​អ៊ុយក្រែន «ប្រមូល​ផ្តុំ​កម្លាំង​ឡើង​វិញ»។

ទោះ​ជា​យ៉ាង​ណា លោក Ushakov មិន​បាន​ច្រានចោល​សំណើ​របស់​សហរដ្ឋអាមេរិក​ទាំងស្រុង​នោះ​ទេ ដោយ​បញ្ជាក់​ថា​ប្រធានាធិបតី ពូទីន ទំនង​នឹង​ថ្លែង​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ពេល​ក្រោយ ហើយ​បញ្ជាក់​ពី​ជំហរ​របស់​រុស្ស៊ី​ឲ្យ​បាន​លម្អិត​បន្ថែម​ទៀត។ លោក​បាន​សង្កត់ធ្ងន់​ថា គោលដៅ​របស់​ទីក្រុង​ម៉ូស្គូ​គឺ «ដំណោះស្រាយ​សន្តិភាព​យូរអង្វែង​ដែល​គិតគូរ​ពី​ផលប្រយោជន៍​ស្របច្បាប់​របស់​ប្រទេស​យើង និង​កង្វល់​ដែល​យើង​បាន​លើក​ឡើង​ជា​ញឹកញាប់»៕