(វ៉ាស៉ីនតោន)៖ មន្រ្តីអាមេរិកពីររូប បានប្រាប់ Reuters ថាយោធាអាមេរិកត្រូវតែដាក់ចេញនូវជម្រើស ដើម្បីធានា​ថា​សហរដ្ឋ​អាមេរិក​មាន​សិទ្ធិ​​ពេញលេញ ​ក្នុងចូលទៅ​កាន់​ព្រែកជីក​ប៉ាណាម៉ា។ នេះបើយោងតាមការចេញផ្សាយដោយនៅថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ ២០២៥។

ដោយនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីអាមេរិកម្នាក់បានឱ្យដឹងថា សេចក្តីព្រាងណែនាំអំពីសន្តិសុខជាតិរបស់រដ្ឋបាលថ្មី បានអំពាវនាវឱ្យយោធាពិចារណាលើជម្រើសនានា ដើម្បីការពារសុវត្ថិភាពពេលចូលទៅព្រែកជីកប៉ាណាម៉ា។​ មន្ត្រីម្នាក់ទៀតនិយាយថា យោធាអាមេរិកមានជម្រើសដ៏មានសក្តានុពលច្រើន ហើយអាចធានានូវភាពជាដៃគូជិតស្និទ្ធជាមួយយោធារបស់ប៉ាណាម៉ា។

សេចក្តីព្រាងណែនាំអំពីសន្តិសុខ ដែលស្រដៀងនឹងបទបញ្ជាប្រតិបត្តិរបស់លោកប្រធានាធិបតីដូណាល់ ត្រាំ និងការកត់សម្គាល់ជាសាធារណៈដែលបានកើតឡើង មុនពេលចេញឯកសារគោលនយោបាយសន្តិសុខ អាចត្រូវបានចាត់ទុកថាជាយុទ្ធសាស្រ្តផ្លូវការ។ យ៉ាងនេះក្តី មន្ទីរបញ្ចកោណ មិនទាន់បញ្ជាក់ទេជុំវិញការអត្ថាធិប្បាយនេះ។

គួរបញ្ជាក់ថា ព្រែកជីកប៉ាណាម៉ា មានទីតាំងនៅចន្លោះតំបន់អាមេរិកខាងជើង និងខាងត្បូង ហើយត្រូវបានចាត់ទុកថាជាផ្លូវទឹកដ៏សំខាន់បំផុតមួយរបស់ពិភពលោក។ លោក ត្រាំ បាននិយាយម្តងហើយម្តងទៀតថា លោកចង់យកព្រែកជីកនេះមកវិញ ប៉ុន្តែមិនបានបង្ហើបពីរបៀបធ្វើដូច្នេះទេ៕