(តេហេរ៉ង់)៖ នៅថ្ងៃសុក្រ ទី១៤ ខែមីនា អ៉ីរ៉ង់បានថ្កោលទោសនូវអ្វីដែលខ្លួនហៅថា អំពើលាក់ពុតរបស់សហរដ្ឋអាមេរិក បន្ទាប់ពីរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដាក់ទណ្ឌកម្មថ្មីទៀត លើរដ្ឋមន្រ្តីប្រេងរបស់អ៉ីរ៉ង់ លោក Mohsen Paknejad។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ បាននិយាយថា ទង្វើខាងលើស្តែងឱ្យឃើញពីភាពលាក់ពុតរបស់អាមេរិក ដ្បិតទីក្រុងវ៉ាស៉ីនតោន បានព្យាយាមម្តងហើយម្តងទៀត អំពាវនាវរកកិច្ចចរចាបញ្ហានុយក្លេអ៊ែរ ជាមួយទីក្រុងតេហេរ៉ង់ ខណៈការដាក់ទណ្ឌកម្មថ្មីនេះ បម្រើជាភស្តុតាងយ៉ាងច្បាស់មួយទៀត អំពីភាពក្លែងក្លាយនៃពាក្យសម្តីរបស់អាមេរិក និងជាសញ្ញាមួយទៀតផងដែរ នៃការប្រកាន់ជំហរអរិភាពរបស់ទីក្រុងវ៉ាស៉ីនតោន ចំពោះការអភិវឌ្ឍ។
គួរបញ្ជាក់ថា ការប្រកាសដាក់ទណ្ឌកម្មពីសំណាក់អាមេរិក កើតមានឡើង បន្ទាប់ពីលោក ត្រាំ ទើបតែបានផ្ញើលិខិតមួយ មកកាន់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ដើម្បីទទូចឱ្យមានការចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី ប៉ុន្តែទន្ទឹមគ្នា បានព្រមានអំពីលទ្ធភាពសកម្មភាពយោធា ប្រសិនបើអ៉ីរ៉ង់បដិសេធ៕