(កៀវ)៖ អ៊ុយក្រែន បានឱ្យដឹងនៅថ្ងៃសៅរ៍នេះថា ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូនចំនួន ១៣០គ្រឿង ដែលរុស្ស៉ីបាញ់មកទូទាំងប្រទេសពេញមួយយប់ថ្ងៃសុក្រ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ ២០២៥។

កងទ័ពអាកាសអ៊ុយក្រែននិយាយថា ដ្រូន Shahed ផលិតដោយអ៉ីរ៉ង់ ត្រូវបានបាញ់មកលើតំបន់ចំនួន ១៤ទូទាំងអ៊ុយក្រែន ហើយទីក្រុងមូស្គូ ក៏បានវាយប្រហារដោយមីស៉ីលបាលីស្ទីគ ២គ្រាប់ផងដែរ។ ដោយឡែក ការវាយ​ប្រហារ​របស់​រុស្ស៉ី កាលពីថ្ងៃសុក្រ​លើ​ទីក្រុង​កំណើត​របស់លោក ហ្សេលេនស្គី គឺ Kryvy Rig នាំមានអ្នករបួស ១៤​នាក់។

គួរបញ្ជាក់ថា រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារគ្នាទៅវិញទៅមក ចំពោះមុខកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីបិទបញ្ចប់សង្រ្គាម។ អ៊ុយក្រែន យល់ព្រមទទួលយកសំណើបទឈប់បាញ់បណ្ដោះអាសន្ន រយៈពេល ៣០ថ្ងៃរបស់សហរដ្ឋអាមេរិក ខណៈទីក្រុងមូស្គូថានឹងទទួលយកបទឈប់បាញ់ ប្រសិនបើលក្ខខណ្ឌមួយចំនួនត្រូវបានបំពេញ៕