(យេម៉ែន)៖ ក្រុមហ៊ូទី (Houthi) របស់ប្រទេសយេម៉ែន បានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួនបានត្រៀមខ្លួនរួចរាល់ ក្នុងការឆ្លើយតបនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិកដែលសំដៅលើខ្លួន។ ការវាយប្រហាររបស់អាមេរិកកើតឡើង បន្ទាប់ពីក្រុមហ៊ូទីដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ បានគំរាមបន្តការវាយប្រហារលើនាវានៅសមុទ្រក្រហម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ការវាយប្រហាររបស់អាមេរិក ដែលបានសម្លាប់មនុស្សយ៉ាងតិច ៣៣ នាក់ គឺជាប្រតិបត្តិការយោធាដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ាចាប់តាំងពីប្រធានាធិបតី ដូណាល់ ត្រាំចូលកាន់តំណែង។ មន្ត្រីអាមេរិកម្នាក់បានប្រាប់ Reuters ថា ប្រតិបត្តិការនេះអាចនឹងបន្តជាច្រើនសប្តាហ៍។ ការិយាល័យនយោបាយរបស់ក្រុមហ៊ូទី បានថ្កោលទោសការវាយប្រហារនេះថាជា «ឧក្រិដ្ឋកម្មសង្គ្រាម»។
លោក ត្រាំ បានព្រមានអ៊ីរ៉ង់ ដែលជាអ្នកគាំទ្រដ៏សំខាន់របស់ក្រុមហ៊ូទី ឲ្យបញ្ឈប់ការគាំទ្រដល់ក្រុមនេះជាបន្ទាន់។ លោកបានព្រមានថា សហរដ្ឋអាមេរិកនឹងចាត់វិធានការធ្ងន់ធ្ងរប្រសិនបើអ៊ីរ៉ង់គំរាមកំហែងអាមេរិក។ ជាការឆ្លើយតប មេបញ្ជាការកំពូលនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោក Hossein Salami បានអះអាងថា ក្រុមហ៊ូទីធ្វើការសម្រេចចិត្តដោយខ្លួនឯង ហើយអ៊ីរ៉ង់នឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពប្រឆាំងណាមួយ។
ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានទូរសព្ទទៅរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio ដើម្បីជំរុញឲ្យ «បញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កម្លាំង» និងសង្កត់ធ្ងន់ពីសារៈសំខាន់ នៃការសន្ទនានយោបាយរវាងគ្រប់ភាគី។ ការអំពាវនាវរបស់លោក Lavrov កើតឡើង ខណៈដែលលោក ត្រាំ កំពុងព្យាយាមបញ្ចុះបញ្ចូលរុស្ស៊ី ឲ្យចុះហត្ថលេខាលើសំណើបទឈប់បាញ់រយៈពេល ៣០ ថ្ងៃរវាងរុស្ស៊ីនិងអ៊ុយក្រែន ដែលអ៊ុយក្រែនបានយល់ព្រម ប៉ុន្តែរុស្ស៊ីបានស្នើឲ្យមានការកែប្រែ។
លោក ត្រាំ ក៏កំពុងព្យាយាមនាំអ៊ីរ៉ង់ចូលតុចរចា ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ខណៈពេលដែលកំពុងបង្កើនសម្ពាធទណ្ឌកម្មលើអ៊ីរ៉ង់ផងដែរ៕