(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបណ្ដេញជនជាតិវ៉េណេស៊ុយអេឡាជាង ២០០នាក់ចេញពីសហរដ្ឋអាមេរិក ទៅកាន់ពន្ធនាគារដ៏ធំមួយក្នុងប្រទេសអែលសាវ៉ាឌ័រ បើទោះជាមានការជំទាស់ពីចៅក្រមសហព័ន្ធម្នាក់ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
សេតវិមាន បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថាវាមិនមែនជាការមិនស្ដាប់បង្គាប់តុលាការនោះទេ តែព្រមពេលជាមួយគ្នា បានអះអាងថាខ្លួនមានសិទ្ធិមិនអើពើនឹងសាលក្រមរបស់ចៅក្រមម្នាក់។ «ចៅក្រមតែម្នាក់គត់ នៅក្នុងទីក្រុងមួយមិនអាចបញ្ជា ឬបង្វែរការហោះហើររបស់យន្ដហោះមួយគ្រឿងដែលដឹកពេញទៅដោយពួកភេរវករអេលៀនបរទេស ដែលត្រូវបានបណ្ដេញចេញពីសហរដ្ឋអាមេរិក បាននោះទេ»។ នេះជាការគូសបញ្ជាក់របស់អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt នៅក្នុងសេចក្ដីថ្លែងការណ៍ដដែល។
គួរបញ្ជាក់ថា ចៅក្រមសហព័ន្ធម្នាក់ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី បានរារាំងការអនុវត្តច្បាប់ Alien Enemies Act របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលជាច្បាប់មួយមានតាំងពីស.វទី១៨ និងត្រូវបានប្រើប្រាស់សម្រាប់តាមស្វែងរក និងប្រមូលផ្ដុំពលរដ្ឋអាមេរិកមានដើមកំណើតជប៉ុន យកទៅដាក់នៅឯជំរំឃុំឃាំងដោយមិនចាំបាច់ឆ្លងកាត់សវនាការកាត់ទោស អំឡុងសង្រ្គាមលោកលើកទី២។ លោក ត្រាំ កំពុងប្រើប្រាស់ច្បាប់នេះដើម្បីពន្លឿនបណ្ដាញមនុស្សដែលត្រូវបានចោទប្រកាន់ថាជាសមាជិកក្រុមឧក្រិដ្ឋជន Tren de Aragua ដែលជាក្រុមឧក្រិដ្ឋជនវ៉េណេស៊ុយអេឡាមួយមានជាប់ពាក់ព័ន្ធ នឹងការចាប់ជំរិត និងស៊ីឈ្នួលសម្លាប់មនុស្ស៕