(វ៉ាស៊ីនតោន)៖ បេសកជនពិសេសអាមេរិក លោក Steve Witkoff បានឱ្យដឹងថាលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវបានរំពឹងថានឹងបើកកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងសប្ដាហ៍នេះ អំពីមធ្យោបាយដើម្បីបិទបញ្ចប់សង្រ្គាមអូសបន្លាយជាង៣ឆ្នាំមកនេះនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Steve Witkoff ធ្វើការកត់សម្គាល់បែបនេះក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យ ទី១៦ ខែមីនា និងបន្ទាប់ពីរូបលោកត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ ក្រោយបញ្ចប់ទស្សនកិច្ច ក្នុងប្រទេសរុស្ស៉ី និងបានជួបលោក ពូទីន ក្នុងជំនួបមួយនៅទីក្រុងមូស្គូ ដែលលោកចាត់ទុកថាជាជំនួបដ៏វិជ្ជមាន។ លោក Witkoff បានលើកឡើងដូច្នេះថា «ខ្ញុំរំពឹងថាវានឹងមានកិច្ចពិភាក្សាតាមទូរស័ព្ទរវាង ប្រធានាធិបតីទាំង២ នៅក្នុងសប្ដាហ៍នេះ ហើយយើងក៏កំពុងបន្តទំនាក់ទំនង និងមានកិច្ចសន្ទនាជាមួយអ៊ុយក្រែនផងដែរ»។ លោក Witkoff ក៏បានបញ្ជាក់ដែរថារូបលោកផ្ទាល់រំពឹងថាកិច្ចពិភាក្សារវាងលោក ត្រាំ និងលោក ពូទីន នឹងប្រព្រឹត្តទៅដោយប្រកបដោយភាពល្អប្រសើរ និងវិជ្ជមាន។

គួរបញ្ជាក់ថា លោក ត្រាំ កំពុងព្យាយាមបញ្ចុះបញ្ចូលឱ្យលោក ពូទីន យល់ព្រមទទួលយកបទឈប់បាញ់បណ្ដោះអាសន្នមួយមានរយៈពេល៣០ថ្ងៃ ដែលអ៊ុយក្រែនបានយល់ព្រមទទួលយកកាលពីសប្ដាហ៍ មុន។ ប៉ុន្តែ មកទល់នឹងពេលនេះរុស្ស៉ីមិនបានបដិសេធ តែក៏មិនទាន់យល់ព្រមទទួលយកនោះដែរ ដោយលោក ពូទីន បានដាក់លក្ខខណ្ឌមួយចំនួន ខណៈកងទ័ពរុស្ស៉ីកំពុងខិតកាន់តែជិតទៅរកការបណ្ដេញ កងទ័ពអ៊ុយក្រែនចេញពីតំបន់ Kursk នៃភាគខាងលិចប្រទេសរុស្ស៉ី៕