(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយថា រឿងដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពនៅអ៊ុយក្រែន ដែលស្នើឡើងដោយចក្រភពអង់គ្លេស និងបារាំង ដើម្បីជាផ្នែកនៃកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៉ី គឺសម្រាប់ឱ្យទីក្រុងកៀវជាអ្នកសម្រេច មិនមែនទីក្រុងមូស្គូនោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥។
ក្នុងបទសម្ភាសមួយចេញផ្សាយ កាលពីចុងសប្តាហ៍កន្លងទៅ លោកប្រធានាធិបតីបារាំង បានលើកឡើងថា អ៊ុយក្រែនជាប្រទេសមានអធិបតេយ្យពេញលេញមួយ ដូច្នេះហើយប្រសិនបើ អ៊ុយក្រែនស្នើឱ្យសម្ព័ន្ធមិត្តដាក់កងទ័ពនៅលើទឹកដីរបស់ខ្លួន នោះវាមិនមែនជារឿង ដែលរុស្ស៉ីអាចមានសិទ្ធិទទួលយក ឬមួយក៏អត់ឡើយ។ រុស្ស៉ីធ្លាប់បានច្រានចោលម្តងហើយម្តងទៀត នូវគំនិតដាក់ពង្រាយកងទ័ពមកពីបណ្តាប្រទេស នៃអង្គការ NATO នៅអ៊ុយក្រែន។
គួរបញ្ជាក់ថា លោក ម៉ាក្រុង រួមជាមួយនាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer បាននិងកំពុងខិតខំស្ទុះស្ទាប្រមែប្រមូល ការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែន ស្របពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងជំរុញកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៉ី។ កាលពីចុងសប្តាហ៍កន្លងទៅនេះ លោក Starmer បានបើកកិច្ចប្រជុំមួយតាមប្រព័ន្ធអនឡាញ ជាមួយលោក ម៉ាក្រុង ព្រមទាំងសម្ព័ន្ធមិត្តអ៊ុយក្រែនដទៃទៀត៕