(លីម៉ា)៖ រដ្ឋាភិបាលនៃប្រទេសប៉េរូ កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានប្រកាសភាពអាសន្នក្នុងរដ្ឋធានីលីម៉ា ហើយដាក់ពង្រាយទាហានតាមដងផ្លូវ ដើម្បីជួយទប់ទល់នឹងអំពើហិង្សានាពេលថ្មីៗ និងដែលបានឆក់យកជីវិត តារាចម្រៀងដ៏មានប្រជាប្រិយម្នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ ២០២៥។
តារាចម្រៀងដ៏ល្បី លោក Paul Flores បានរងការបាញ់ប្រហារពីជនមិនស្គាល់មុខ កាលពីព្រឹកថ្ងៃអាទិត្យចុងសប្តាហ៍មុន និងបានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំង។ ក្រឹត្យគ្រាអាសន្នរយៈពេល ៣០ថ្ងៃ ត្រូវអនុវត្តចំពោះទីក្រុងលីម៉ា Lima ក៏ដូចជាខេត្ត Callao ដែលនៅជាប់នោះ ហើយផ្តល់អំណាចបន្ថែមដល់អាជ្ញាធរ ដើម្បីដាក់ពង្រាយយោធា ប្រយុទ្ធប្រឆាំងនឹងសកម្មភាពអាណាធិបតេយ្យ។
ចំណាត់ការរបស់រដ្ឋាភិបាលនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការកើនឡើងនូវអំពើហិង្សា រយៈពេលជាច្រើនសប្តាហ៍មក ដែលក្រុមឧក្រិដ្ឋជនជារឿយៗ ផ្តោតលើអាជីវកម្ម រួមទាំងក្រុមហ៊ុនដឹកជញ្ជូន ទោះជាអាជ្ញាធរព្រមានចាប់ខ្លួន ក្រុមជនអន្ធពាលក៏ដោយ។
រលកនៃឧក្រិដ្ឋកម្ម និងការកើនឡើងករណីជំរិតទារប្រាក់ ជំរុញឱ្យប្រធានាធិបតី លោកស្រី Dina Boluarte ចង់ឱ្យមានការកាត់ទោសប្រហារជីវិត ទៅលើជនសង្ស័យជាឃាតករ ទោះបីជាច្បាប់របស់ប្រទេសប៉េរូ អនុវត្តការកាត់ទោសប្រហារជីវិត ចំពោះតែជនក្បត់ជាតិ៕