(អូតាវ៉ា)៖ នាយករដ្ឋមន្រ្តីកាណាដា លោក Mark Carney បាននិយាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវតែឈប់ធ្វើអត្ថាធិប្បាយដែលគ្មានការគោរពចំពោះកាណាដា មុនពេលប្រទេសទាំងពីរ អាចចាប់ផ្តើមការពិភាក្សាច្បាស់លាស់ អំពីទំនាក់ទំនងនាពេលអនាគត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ ២០២៥។

លោក ត្រាំ ដែលបាន​និងកំពុងយកពន្ធគយលើទំនិញរបស់កាណាដា ជារឿយៗបាននិយាយថា កាណាដាគួរតែក្លាយជារដ្ឋទី ៥១របស់អាមេរិក។ ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានក្នុងទីក្រុងឡុងដ៏ លោក Carney គូសបញ្ជាក់ថា «យើងចាត់ទុក ការអត្ថាធិប្បាយបែបនោះ ថាគ្មានការគោរព ហើយត្រូវតែបញ្ឈប់ មុនពេលយើងអង្គុយជជែកគ្នា អំពីភាពជាដៃគូព្រំដែន ជាមួយសហរដ្ឋអាមេរិក»។ លោកបន្ថែមថា «កាណាដាចង់បានការពិភាក្សា និងការចរចាដ៏ទូលំទូលាយ ជុំវិញទំនាក់ទំនងពាណិជ្ជកម្ម និងសន្តិសុខរួមនៃប្រទេសជិតខាងទាំងពីរ។​ នៅពេលអាមេរិករួចរាល់សម្រាប់ការសន្ទនា យើងក៏នឹងត្រៀមខ្លួនហើយដែរដើម្បីជជែកគ្នា»

គួរបញ្ជាក់ថា ទាក់ទងនឹងវិធានការពន្ធ កាណាដា​បាន​សងសឹកដោយយក​ពន្ធ​លើទំនិញនាំ​ចូល​របស់​អាមេរិក ​ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ។ តាមលោក Carney ទីក្រុងអូតាវ៉ា នឹងចាត់វិធានការឆ្លើយតបណាមួយ ដែលខ្លួនគិតថាសាកសម ចំពោះសកម្មភាពរបស់សហរដ្ឋអាមេរិកប៉ុណ្ណោះ៕