(វ៉ាស៉ីនតោន)៖ អវកាសយានិក២រូបនៃទីភ្នាក់ងារអវកាសអាមេរិក NASA គឺលោក Butch Wilmore និងលោកស្រី Suni Wiliams បានវិលត្រឡប់ចុះមកដល់ផ្ទៃផែនដីវិញហើយ តាមរយៈយានអវកាសរបស់ក្រុមហ៊ុន SpaceX កាលពីថ្ងៃអង្គារ ទី១៨ ខែមីនា បន្ទាប់ពីយាន Starliner របស់ក្រុមហ៊ុន Boeing ដែលជួបបញ្ហា បានធ្វើឱ្យបេសកកម្មរយៈពេល ត្រឹមជាង១សប្តាហ៍​របស់ពួកគេ ប្រែក្លាយទៅជា៩ខែ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។

លោក Wilmore និងលោកស្រី Wiliams បានធ្វើដំណើរឡើងទៅកាន់ទីអវកាស ក្នុងនាមជាក្រុមអវកាសយានិកដំបូង នៃយាន Starliner កាលពីខែមិថុនា ឆ្នាំ២០២៤ សម្រាប់បេសកកម្មសាកល្បងមួយ ដែលត្រូវបានរំពឹងថា នឹងមានរយៈពេលត្រឹម៨ថ្ងៃប៉ុណ្ណោះ។ ប៉ុន្តែក្រោយមក យាន Starliner ដែលអ្នកទាំងពីរជិះឡើងទៅកាន់ ស្ថានីយអវកាសអន្តរជាតិ (ISS) ក៏ស្រាប់តែបានជួបបញ្ហា ជាហេតុធ្វើឱ្យ NASA សម្រេចចិត្តពន្យារពេលត្រឡប់មកវិញរបស់ពួកគេ ដែលត្រូវបានអូសបន្លាយរហូតមក។ លោក Wilmore និងលោកស្រី Wiliams បានមកដល់ផ្ទៃផែនដីវិញ នៅរយៈពេល១៧ម៉ោង ក្រោយយាន Crew Dragon របស់ SpaceX ចាកចេញពីស្ថានីយ ISS។

គួរបញ្ជាក់ថា អវកាសយានិកអាមេរិកទាំង២រូប បានចំណាយពេលស្នាក់នៅលើស្ថានីយ ISS សរុប២៨៦ថ្ងៃ។ បច្ចុប្បន្ន Crew Dragon គឺជាយានអវកាសតែមួយគត់របស់អាមេរិក ដែលអាចនាំមនុស្សឡើងទៅកាន់ទីអវកាស។ ក្រុមហ៊ុន Boeing បានសង្ឃឹមថា យាន Starliner របស់ខ្លួន នឹងអាចប្រកួតប្រជែងជាមួយយានរបស់ SpaceX មុនពេលបេសកកម្មរបស់លោក Wilmore និងលោកស្រី Wiliams បានធ្វើឱ្យអនាគតនៃការអភិវឌ្ឍយាននេះ ធ្លាក់ទៅក្នុងភាពស្រពេចស្រពិល៕