(ម៉ូស្គូ)៖ វិមានក្រឹមឡាំងបាននិយាយនៅថ្ងៃពុធនេះថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មានទំនាក់ទំនងល្អ និងប្តេជ្ញាចិត្តស្តារឡើងវិញនូវទំនាក់ទំនងដែលខូចខាតយ៉ាងធ្ងន់ធ្ងររវាងសហរដ្ឋអាមេរិក និងរុស្ស៊ីជាជំហានៗ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ ២០២៥។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានថ្លែងបន្ទាប់ពីលោកពូទីន និងលោក ត្រាំ បាននិយាយតាមទូរសព្ទកាលពីថ្ងៃអង្គារ ហើយមេដឹកនាំរុស្ស៊ីបានយល់ព្រមបញ្ឈប់ការវាយប្រហារលើទីតាំងថាមពលរបស់អ៊ុយក្រែនជាបណ្តោះអាសន្ន ប៉ុន្តែបានបដិសេធមិនគាំទ្របទឈប់បាញ់រយៈពេល ៣០ ថ្ងៃពេញលេញ ដែលលោក ត្រាំ សង្ឃឹមថាជាជំហានដំបូងឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍នោះទេ។
លោក Peskov បាននិយាយថា «ខ្ញុំអាចនិយាយដោយមានទំនុកចិត្តខ្ពស់ថា ប្រធានាធិបតីពូទីន និងលោក ត្រាំ យល់គ្នាទៅវិញទៅមកបានល្អ ជឿទុកចិត្តគ្នាទៅវិញទៅមក និងមានបំណងធ្វើការឆ្ពោះទៅរកភាពប្រក្រតីនៃទំនាក់ទំនងរុស្ស៊ី-អាមេរិកមួយជំហានម្តងៗ»។
លោក Peskov បានបន្ថែមថា ខ្សែទូរស័ព្ទនិងវីដេអូផ្ទាល់រវាងប្រធានាធិបតីនៃប្រទេសទាំងពីរមានជាយូរមកហើយ តែកម្រត្រូវបានប្រើប្រាស់ក្នុងអំឡុងរដ្ឋបាលលោក Biden។ លោកសង្ឃឹមថាខ្សែទំនាក់ទំនងនេះនឹងត្រូវបានប្រើប្រាស់ញឹកញាប់ជាងមុន។ លោកក៏បានទទួលស្គាល់ថាទំនាក់ទំនងរវាងរុស្ស៊ីនិងអាមេរិកត្រូវបានបំផ្លាញយ៉ាងខ្លាំងក្នុងអំឡុងរដ្ឋបាលមុនៗ ហើយថាការស្ដារឡើងវិញនឹងទាមទារពេលវេលា ការខិតខំ និងឆន្ទៈរបស់មេដឹកនាំទាំងពីរ៕