(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ថាសហរដ្ឋអាមេរិកនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីរ៉ែកម្រជាមួយអ៊ុយក្រែន ក្នុងពេលឆាប់ៗ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្នុងសុន្ទរកថាមួយថ្លែងចេញពីសេតវិមាន លោក ត្រាំ បានគូសបញ្ជាក់ទៀតថាលោកបានចុះហត្ថលេខាលើបទបញ្ជាមួយដើម្បីបង្កើនការផលិតរ៉ែសំខាន់ៗរបស់សហរដ្ឋអាមេរិក ហើយអាចនឹងចុះ កិច្ចព្រមព្រៀងមួយជាមួយអ៊ុយក្រែនក្នុងពេលឆាប់ៗ។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានដាក់សម្ពាធឱ្យប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីរ៉ែ ជាសំណងប៉ះប៉ូវដល់ការផ្ដល់ជំនួយយោធា របស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន ប្រយុទ្ធប្រឆាំងនឹងសង្រ្គាមឈ្លានពានរបស់រុស្ស៉ីជាង៣ឆ្នាំមកនេះ។ កាលពីខែកុម្ភៈកន្លងទៅ លោក ហ្សេលេនស្គីបានបដិសេធចុះហត្ថលេខាលើ កិច្ចព្រមព្រៀងរ៉ែជាមួយសហរដ្ឋអាមេរិក ដោយសារតែមិនមានបញ្ចូលការធានាសន្តិសុខសម្រាប់អ៊ុយក្រែន៕