(បែរឡាំង)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អាល្លឺម៉ង់ បានបើកស្ថានទូតរបស់ខ្លួនប្រចាំនៅស៉ីរីឡើងវិញ ដែលនឹងនាំឱ្យមានការបង្កើតទំនាក់ទំនងការទូតផ្លូវការ ជាមួយថ្នាក់ដឹកនាំថ្មីនៅទីក្រុង Damascus ខណៈប្រទេសនេះកំពុងប្រឈមនឹងបញ្ហាមនុស្សធម៌ ក៏ដូចជាសន្តិសុខ ក្រោយការដួលរលំនៃរបបលោក Assad។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ ២០២៥។

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock បាននិយាយក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Damascus ដូច្នេះថា «ខ្ញុំមកទីនេះជាលើកទីពីរ រយៈពេលប្រហែល ១០សប្តាហ៍។ ដោយសារតែស៉ីរី និងអនាគតនៃប្រទេសនៅតែមានហានិភ័យ យើង​មិន​អាច​ទាយ​ទុក​មុន​បានទេ ថា​នឹង​មាន​អ្វី​កើត​ឡើង​»។ ដោយពិពណ៌នាពីភាពជាក់ស្តែង លោកស្រី Baerbock និយាយថាមានការខ្វះខាតលើផ្នែកសំខាន់ៗ ពិសេសហេដ្ឋារចនាសម្ព័ន្ធថាមពល ហើយថាអាល្លឺម៉ង់ចង់គាំទ្រស៉ីរី ក្នុងកាងាររកសាងឡើងវិញ ឧទាហរណ៍ ដូចជាការធ្វើទំនើបកម្មរោងចក្រថាមពលជាដើម។

គួរបញ្ជាក់ថា បច្ចុប្បន្នមានតែអ្នកនយោបាយក្រុមតូចប៉ុណ្ណោះ ប្រចាំការនៅស្ថានទូតអាល្លឺម៉ង់ក្នុងទីក្រុង Damascus ហើយនឹងបន្តពង្រីកវត្តមានស្របតាមស្ថានភាពជាក់ស្តែង។ តាមលោកស្រី Baerbock ដោយសារតែការព្រួយបារម្ភពីសុវត្ថិភាព និងកន្លែងមានកំណត់ បញ្ហាទិដ្ឋាការ និងកុងស៊ុល ត្រូវបន្តធ្វើការតាមរយៈលីបង់ដែលជាប្រទេសជិតខាងស៉ីរី៕