(ញូវយ៉ក)៖ អង្គការសហប្រជាជាតិ (UN) បានលើកឡើងថា ថ្ងៃណាដែលមានអំពើហិង្សាថ្មីក្នុងតំបន់ហ្កាហ្សា នឹងធ្វើឱ្យការវិលត្រឡប់មកវិញនៃចំណាប់ខ្មាំងសេសសល់ កាន់តែមិនអាចទៅរួច។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងាសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ ២០២៥។

ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមជ្ឈិមបូព៌ា លោក Khaled Khiari និយាយថា អរិភាពមិនត្រឹមតែគំរាមកំហែងដល់ជនស៉ីវិលទេ តែក៏រួមទាំងចំណាប់ខ្មាំងផងដែរ ដែលក្នុងនោះ ២៤នាក់ ត្រូវបានគេជឿជាក់ថានៅមានជីវិត។

តាមក្រសួងសុខាភិបាលហ្កាហ្សា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៩១នាក់ទៀតត្រូវបានសម្លាប់ និងជាច្រើននាក់រងរបួសដោយការវាយប្រហារតាមផ្លូវអាកាសទូទាំងតំបន់ កាលពីថ្ងៃព្រហស្បតិ៍ បន្ថែមពីលើការស្លាប់នៃមនុស្សរាប់រយនាក់ ចាប់តាំងពីអ៉ីស្រាអែលបើកការធ្វើសង្រ្គាមជាថ្មី។

ឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំ UN លោក Danny Danon បានប្រាប់អង្គប្រជុំ UN ដូច្នេះថា «ការវាយប្រហារកំណត់គោលដៅលើក្រុមភេរវករហាម៉ាស នឹងបន្តរហូតដល់ចំណាប់ខ្មាំងចុងក្រោយ បានមកដល់ផ្ទះវិញ»។ អ្នកតំណាងស្តីទីរបស់អាមេរិកប្រចាំ UN លោកស្រី Dorothy Shea បានបន្ទោសក្រុមហាម៉ាស សម្រាប់ការនាំឱ្យមានអរិភាពឡើងវិញនៅហ្កាហ្សា តាមរយៈការបដិសេធម្តងហើយម្តងទៀត ក្នុងការទទួលយកសំណើដើម្បីពន្យារបទឈប់បាញ់៕