(មូស្គូ)៖ ទីភ្នាក់ងារព័ត៌មានរុស្ស៉ី TASS បានរាយការណ៍ថា លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិនៃប្រទេសរុស្ស៉ី លោក Sergei Shoigu បានធ្វើដំណើរទៅដល់ប្រទេសកូរ៉េខាងជើង នាថ្ងៃសុក្រនេះ ហើយនឹងជួបជាមួយ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Yonhap នាថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥។
TASS បានរាយការណ៍ថា បន្ទាប់ពីទៅដល់ទីក្រុងព្យុងយ៉ាង លោក Shoigu ដែលធ្លាប់កាន់តំណែងជារដ្ឋមន្រ្តីការពារជាតិរុស្ស៉ី រហូតដល់ខែឧសភា ឆ្នាំ២០២៤ នឹងត្រូវជួបលោក គីម ព្រមទាំងមន្រ្តីកូរ៉េខាងជើងដទៃទៀត។ រុស្ស៉ីនិងកូរ៉េខាងជើង បានបញ្ជូនមន្រ្តីបំពេញទស្សនកិច្ចទៅវិញទៅមក ខណៈប្រទេសទាំងពីរបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធ ហើយទីក្រុងព្យុងយ៉ាង បានដាក់ពង្រាយកងទ័ពប្រមាណ១០ ០០០នាក់ ដើម្បីជួយទីក្រុងមូស្គូ ក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន ថែមទៀត។
គួរបញ្ជាក់ថា កន្លងទៅក្នុងខែនេះ បើតាមសេចក្តីរាយការណ៍របស់ TASS អនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Andrey Rudenko ទើបតែធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាង ជាទីដែលរូបលោកបានជួប រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោកស្រី Choi Son Hui ហើយជជែកគ្នាអំពីការរៀបចំការទាក់ទងនយោបាយ ក្នុងកម្រិតខ្ពស់និងកម្រិតកំពូល។ ទស្សនកិច្ចខាងលើរបស់លោក Shoigu គឺកើតឡើង ស្របពេលដែល មានការប្រែប្រួលផ្នែកនយោបាយ ក្នុងសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានព្រមព្រៀងគ្នាតាមទូរស័ព្ទក្នុងសប្តាហ៍នេះ ជុំវិញការផ្អាកជាបណ្តោះអាសន្នរបស់រុស្ស៉ី ក្នុងការវាយប្រហារលើ ហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន៕