(ខាទុំ)៖ កងទ័ពស៊ូដង់បានអះអាងថា នៅថ្ងៃសុក្រនេះ ខ្លួនដណ្តើមកាន់កាប់បានមកវិញទាំងស្រុង នូវវិមានប្រធានាធិបតី ក្នុងរដ្ឋធានី Khartoum ដែលជាជោគជ័យធំមួយ នៅក្នុងសង្រ្គាមស៉ីវិលមានរយៈពេល២ឆ្នាំមកនេះ ជាមួយកងកម្លាំងទាហានប៉ារ៉ា RSF។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥។

អ្នកនាំពាក្យយោធាស៊ូដង់ បាននិយាយក្នុងសេចក្តីថ្លែងការណ៍ ដែលផ្សាយតាមទូរទស្សន៍រដ្ឋថា វិមានប្រធានាធិបតីនៅទីក្រុងខាទុំ ដែលជារដ្ឋធានី ត្រូវបានដណ្តើមយកមកវិញហើយ ពីកណ្តាប់ដៃកងកម្លាំង RSF ក្រោយការប្រយុទ្ធគ្នាយ៉ាងតានតឹង។ សង្រ្គាមនៅស៊ូដង់ បាននាំឱ្យមាននូវអ្វីដែលអង្គការសហប្រជាជាតិហៅថា វិបត្តិមនុស្សធម៌ដ៏ធំបំផុតរបស់ពិភពលោក ដោយវាបានបង្កគ្រោះទុរ្ភិក្សនៅ​តំបន់មួយចំនួន ព្រមទាំងការឆ្លងជំងឺនៅពាសពេញផ្ទៃប្រទេស។ ភាគីទាំងសងខាង ត្រូវបានចោទប្រកាន់ ពីឧក្រិដ្ឋកម្មសង្រ្គាម ខណៈ RSF ក៏រងការចោទប្រកាន់ ពីអំពើប្រល័យពូជសាសន៍ផងដែរ ប៉ុន្តែភាគីទាំងពីរបានបដិសេធ។

នៅពេលសង្រ្គាមផ្ទុះឡើងដំបូង កាលពីខែមេសា ឆ្នាំ២០២៣ កងកម្លាំង RSF បានចូលកាន់កាប់វិមានប្រធានាធិបតី រួមជាមួយ​ទីតាំងភាគច្រើនទៀតនៅក្នុងរដ្ឋធានី ប៉ុន្តែប៉ុន្មានខែចុងក្រោយនេះ កងទ័ពស៊ូដង់ បានបើកប្រតិបត្តិការវាយលុកថ្មី និងឆ្ពោះមកវិមានប្រធានាធិបតី តាមបណ្តោយទន្លេនីល។ RSF ដែលក្នុងឆ្នាំនេះ បានចាប់ផ្តើមបង្កើតរដ្ឋាភិបាលដាច់ដោយឡែក គ្រប់គ្រងផ្នែក​ នៃទីក្រុងខាទុំ និងទីក្រុង Omdurman ដែលនៅក្បែរនោះ ព្រមទាំងភូមិភាគខាងលិចនៃប្រទេសស៊ូដង់ ជាទីដែលពួកគេ កំពុងប្រយុទ្ធដើម្បីគ្រប់គ្រង មូលដ្ឋានចុងក្រោយរបស់កងទ័ពស៊ូដង់ នៅតំបន់ Darfur គឺទីក្រុង al-Fashir។

គួរបញ្ជាក់ថា ភាគីទាំងពីរបានប្តេជ្ញាថា នឹងបន្តការប្រយុទ្ធគ្នាដើម្បីដណ្តើមកាន់កាប់ទឹកដី នៅក្នុងប្រទេស ខណៈមិនមានកិច្ចប្រឹងប្រែងណាមួយ ដើម្បីស្វែងរកកិច្ចចរចាសន្តិភាព ទទួលបានលទ្ធផលនោះឡើយ។ សង្រ្គាមស៉ីវិលនេះ បានផ្ទុះឡើង ស្របពេលមានការដណ្តើម​អំណាចគ្នា រវាងកងទ័ពស៊ូដង់ និងកងកម្លាំង RSF មុនការធ្វើអន្តរកាលប្រទេស ត្រឡប់ទៅរករបបដឹកនាំបែបស៉ីវិល ដែលត្រូវបាន​គ្រោងទុក៕