(ប៉េកាំង)៖ ទីក្រុងប៉េកាំង បានទាមទារឱ្យមានការការពារ សម្រាប់និស្សិតចិននៅសហរដ្ឋអាមេរិក បន្ទាប់ពីគណៈកម្មាធិសភា ស្នើឱ្យសាកលវិទ្យាល័យអាមេរិកចំនួន ៦ ប្រគល់ព័ត៌មានលម្អិតមួយចំនួនធំអំពីនិស្សិតចិន ដោយលើកឡើងពី កង្វល់សន្តិសុខជាតិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ ២០២៥។

លោក John Moolenaar ប្រធានគណៈកម្មាធិការទប់ស្កាត់ចិននៃសភាតំណាងរាស្រ្តអាមេរិក បានផ្ញើលិខិតមួយ ទៅកាន់សាកលវិទ្យាល័យចំនួន ៦ ដូចជា Carnegie Mellon, Purdue, Stanford, the University of Illinois, the University of Maryland និង the University of Southern California ដើម្បីស្នើសុំព័ត៌មានពីនិស្សិតចិន ដែលសិក្សាមុខវិជ្ជាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់។ លោក​ក៏បាន​ចោទប្រកាន់​ស្ថាប័នទាំងនោះថា ​កំពុងធ្វើឱ្យការស្រាវជ្រាវ របស់អាមេរិកប្រឈមហានិភ័យ​ ជា​ថ្នូរ​នឹង​ការ​លើកទឹកចិត្ត​ផ្នែក​ហិរញ្ញវត្ថុ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយថា និស្សិតចិនដែលកំពុងសិក្សានៅអាមេរិក មានប្រហែលមួយភាគបួននៃនិស្សិតអន្តរជាតិសរុប ហើយពួកគេបានរួមចំណែកលើកកម្ពស់វិបុលភាពសេដ្ឋកិច្ច និងការអភិវឌ្ឍន៍បច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក។ ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោកស្រីគូសបញ្ជាក់ថា « នេះជាផលប្រយោជន៍សម្រាប់ភាគីទាំងសងខាង។ យើង​ជំរុញ​ឱ្យ​អាមេរិក​ឈប់​រឹតត្បិតហួសហេតុ ក្រោមហេតុផល​សន្តិសុខ​ជាតិ ហើយការពារ​សិទ្ធិ និង​ផលប្រយោជន៍​ស្របច្បាប់​របស់​និស្សិត​ចិន​»​

គួរបញ្ជាក់ថា និស្សិតចិនភាគច្រើនដែលរៀនថ្នាក់បរិញ្ញាបត្រ នៅសហរដ្ឋអាមេរិក ដោយបង់ថ្លៃសិក្សាពេញ គឺជាប្រភពចំណូលដ៏សំខាន់សម្រាប់សាកលវិទ្យាល័យជាច្រើន។ ភាគច្រើននៃនិស្សិតមិនបន្តការសិក្សានៅអាមេរិកទៀតទេ ក្រោយបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ ប៉ុន្តែត្រឡប់ទៅប្រទេសចិនវិញ ដោយពួកគេសង្ឃឹមថា សញ្ញាបត្រពីអាមេរិក នឹងផ្តល់ការងារល្អដល់ពួកគេ៕