(គូឡាឡាំពួ)៖ មនុស្សជាង ១០ ៧០០នាក់នៅរដ្ឋ Johor ត្រូវបានជម្លៀសចេញគិតត្រឹមថ្ងៃសុក្រ ទី២១​ ខែមីនា ដោយសារតែទឹកជំនន់ ដែលបានបង្កការកកស្ទះខ្លាំង ចំពោះការធ្វើចរាចរណ៍ នៅកណ្តាលទីក្រុង Johor Bahru។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA។

នាយកដ្ឋានឧតុនិយមម៉ាឡេស៉ី បានចេញការព្រមានអំពីភ្លៀងធ្លាក់ «កម្រិតធ្ងន់ធ្ងរ» សម្រាប់រដ្ឋ Johor នៅថ្ងៃសុក្រនេះ។ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋ បានឱ្យដឹងថា ជនរងគ្រោះមកពី ៣ ០១៨គ្រួសារ ត្រូវបានបញ្ជូនទៅកាន់ ជម្រកបណ្តោះអាសន្ន។ គិតត្រឹមម៉ោង ៨ព្រឹក (ម៉ោងក្នុងតំបន់) មនុស្សចំនួន ១០ ៧៦៣នាក់។

លោក Azmi Rohani ប្រធានគណៈកម្មាធិការបាននិយាយថា នៅក្នុងទីក្រុង Johor Bahru មានអ្នកត្រូវជម្លៀសចេញពីទឹកជំនន់ ច្រើនជាងគេបំផុតគឺចំនួន ៤ ២៩១នាក់។ បន្ទាប់មកគឺក្រុង Kluang ដែលចំនួន ២ ១៦៣នាក់ Kota Tinggi ចំនួន ១ ៧៦២នាក់ Pontian ចំនួន ១ ៣៩៥ និង Kulai ចំនួន ១ ១៥២នាក់។

អភិបាលរដ្ឋ Johor លោក Onn Hafiz Ghazi បានជំរុញប្រជាជនក្នុងតំបន់ដែលមានហានិភ័យខ្ពស់ ឱ្យមានការប្រុងប្រយ័ត្ន និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរ។ រីឯអ្នកស្រុក Johor មួយចំនួនព្រួយបារម្ភថា ទឹកជំនន់អាចប៉ះពាល់ ដល់ការប្រារព្ធពិធីបុណ្យ Hari Raya នាពេលខាងមុខ៕