(ហ្សាកាតា)៖ ភ្នំភ្លើង Lewotobi Laki-laki របស់ប្រទេសឥណ្ឌូនេស៊ី បានផ្ទុះឡើង បញ្ចេញផេះខ្ពស់ជាង ៨ គីឡូម៉ែត្រ ជំរុញឱ្យអាជ្ញាធរបង្កើនកម្រិតប្រកាសអាសន្នខ្ពស់បំផុត និងបណ្តាលឱ្យក្រុមហ៊ុនអាកាសចរណ៍ Jetstar លុបចោលជើងហោះហើរទៅកាន់កោះបាលី នៅថ្ងៃសុក្រនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ទីភ្នាក់ងារភូគព្ភសាស្ត្របាននិយាយថា ការផ្ទុះដ៏ធំនេះបានកើតឡើងកាលពីយប់ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានការផ្ទុះតូចៗជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី ១៣ ខែមីនា។

អ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយបានគូសបញ្ជាក់ថា មនុស្សម្នាក់រងរបួសអំឡុងពេលជម្លៀស។ អាកាសយានដ្ឋានកោះបាលីនៅតែបើកដំណើរការ ប៉ុន្តែជើងហោះហើរអន្តរជាតិចំនួន ៧ ត្រូវបានលុបចោល និងជើងហោះហើរក្នុងស្រុកមួយចំនួនត្រូវបានពន្យារពេល។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ីមានភ្នំភ្លើងសកម្មជិត ១៣០ ហើយស្ថិតនៅលើខ្សែក្រវាត់ភ្លើងប៉ាស៊ីហ្វិក ដែលជាតំបន់មានសកម្មភាពរញ្ជួយដីខ្ពស់៕