(ព្យុងយ៉ាង)៖ លោក Sergei Shoigu ទីប្រឹក្សាសន្តិសុខកំពូលរបស់ប្រធានាធិបតីរុស្ស៊ី នៅថ្ងៃសុក្រនេះ បានជួបពិភាក្សាអំពីស្ថានការណ៍នៅអ៊ុយក្រែន ជាមួយមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un នៅទីក្រុងព្យុងយ៉ាង។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន TASS ។
លោក Shoigu ដែលជាអតីតរដ្ឋមន្ត្រីការពារជាតិផងនោះ បានប្រាប់អ្នកយកព័ត៌មានថា កិច្ចសន្ទនារវាងរុស្ស៊ី និងសហរដ្ឋអាមេរិក ក៏ត្រូវបានលើកមកពិភាក្សាផងដែរ។
ដំណើរទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីលោក ពូទីន ថ្មីៗនេះបានយល់ព្រមបញ្ឈប់ការវាយប្រហារលើទីតាំងថាមពលរបស់អ៊ុយក្រែនជាបណ្តោះអាសន្ន ប៉ុន្តែបានបដិសេធមិនគាំទ្របទឈប់បាញ់រយៈពេល ៣០ ថ្ងៃពេញលេញ ដែលស្នើឡើងដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នោះទេ។
មន្ត្រីអាមេរិក អ៊ុយក្រែន និងកូរ៉េខាងត្បូង បានអះអាងថា កូរ៉េខាងជើងបានដាក់ពង្រាយទាហានជាង ១០,០០០ នាក់ទៅកាន់តំបន់ Kursk ភាគខាងកើតប្រទេសរុស្ស៊ី ហើយបានផ្ដល់អាវុធធុនធ្ងន់រួមមាន កាំភ្លើងធំ និងមីស៊ីលផ្លោង។ ជាថ្នូរ កូរ៉េខាងជើងត្រូវបានគេជឿថាទទួលបានបច្ចេកវិទ្យាយោធា និងស៊ីវិល រួមទាំងជំនួយសេដ្ឋកិច្ចពីទីក្រុងម៉ូស្គូ។
គួរបញ្ជាក់ថា បើទោះបីជាទីក្រុងម៉ូស្គូ និងក្រុងព្យុងយ៉ាងបានបដិសេធរបាយការណ៍នៃការដាក់ពង្រាយទ័ពកាលពីដំបូងក៏ដោយ ក៏នៅក្នុងខែតុលា ឆ្នាំ ២០២៤ លោក ពូទីន មិនបានច្រានចោលទាំងស្រង់នូវវត្តមានទាហានកូរ៉េខាងជើងនៅក្នុងប្រទេសរុស្ស៊ីទេ ហើយមន្ត្រីកូរ៉េខាងជើងម្នាក់បានបញ្ជាក់ថា សកម្មភាពបែបនេះគឺស្របច្បាប់។ កាលពីឆ្នាំមុន រុស្ស៊ី និងកូរ៉េខាងជើងបានចុះហត្ថលេខាលើសន្ធិសញ្ញាសំខាន់មួយ ដែលរួមមានការផ្តល់ការការពារគ្នាទៅវិញទៅមក៕