(បែរឡាំង)៖ កាលពីថ្ងៃសុក្រ ទី២១ ខែមីនា អាល្លឺម៉ង់បានអនុម័តជំនួយយោធាថ្មី គិតជាទឹកប្រាក់ចំនួន ៣ពាន់លានអឺរ៉ូ ឬស្មើនឹង ៣.២៥ពាន់លានដុល្លារអាមេរិក សម្រាប់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
គណៈកម្មាធិការកញ្ចប់ថវិកានៃសភាអាល្លឺម៉ង់ ទីបំផុតបានផ្តល់ភ្លើងបៃតង ចំពោះជំនួយយោធាខាងលើ បន្ទាប់ពីបានពន្យារពេលអស់រយៈពេលជាច្រើនខែ ដោយសារតែបញ្ហានយោបាយក្នុងស្រុក។ ជំនួយថ្មីនេះ គឺបន្ថែមពីលើ៤ពាន់លានអឺរ៉ូផ្សេងទៀត ក្នុងជំនួយយោធាសម្រាប់អ៊ុយក្រែន ដែលត្រូវបានគ្រោងរួចស្រេច ក្នុងកញ្ចប់ថវិកាជាតិឆ្នាំ២០២៥ របស់អាល្លឺម៉ង់។ មិនតែប៉ុណ្ណោះ ថវិកា៨.៣ពាន់លានអឺរ៉ូ ក៏ត្រូវបានកំណត់ទុក សម្រាប់ទីក្រុងកៀវ នៅឆ្នាំ២០២៦ ដល់ឆ្នាំ២០២៩ ផងដែរ។
គួរបញ្ជាក់ថា អាល្លឺម៉ង់បានដើរតួនាទីជា អ្នកផ្គត់ផ្គង់ជំនួយយោធាដ៏ធំបំផុតមួយសម្រាប់អ៊ុយក្រែន ដោយចូលរួមចំណាយប្រមាណ ២៨ពាន់លានអឺរ៉ូមកទល់ពេលនេះ គិតចាប់តាំងពីរុស្ស៉ីបានឈ្លានពានលើអ៊ុយក្រែន កាលពីជាង៣ឆ្នាំមុនមក។ ប៉ុន្តែបច្ចុប្បន្ន ស្ថានការណ៍មានការប្រែប្រួលជាខ្លាំង ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាប់ផ្តើមកិច្ចចរចាជាមួយរុស្ស៉ី ដើម្បីព្យាយាមបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ហើយកន្លងមកបានផ្អាកជំនួយយោធាមួយរយៈពេលខ្លី សម្រាប់អ៊ុយក្រែន។ លើសពីនេះទៀត លោក ត្រាំ ក៏បានបង្កឱ្យមានភាពស្រពេចស្រពិល នៃការប្តេជ្ញារបស់សហរដ្ឋអាមេរិក ចំពោះអង្គការ NATO ថែមទៀតផង៕