(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រ ទី២១ ខែមីនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ក្រុមហ៊ុន Boeing ត្រូវបានជ្រើសរើសឱ្យទទួលកិច្ចសន្យាដ៏ធំមួយ ដើម្បីអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ថ្មីបន្ទាប់ទៀត សម្រាប់កងទ័ពអាកាសអាមេរិក ហៅថា F-47។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
កិច្ចសន្យាខាងលើ មានគោលដៅបន្តការងារអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ថ្មីមួយ ដែលកាន់តែមានភាពទំនើបជាងមុនថែមទៀត ហើយនឹងអាចធ្វើប្រតិបត្តិការយ៉ាងមានប្រសិទ្ធភាព ជាមួយយន្តហោះដ្រូន ដើម្បីជំនួសយន្តហោះចម្បាំងបំបាំងកាយ F-22 បច្ចុប្បន្ន ដែលត្រូវបានប្រើប្រាស់អស់រយៈពេល ប្រមាណ២ទសវត្សរ៍មកហើយ។ លោក ត្រាំ បានកោតសរសើរ ឈ្មោះយន្តហោះចម្បាំងថ្មីនោះ គឺ F-47 ដ្បិតរូបលោកគឺជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា បើតាមលោក ត្រាំ ទំហំទឹកប្រាក់នៃកិច្ចសន្យាអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ថ្មីខាងលើ មិនអាចបង្ហើបឱ្យដឹងឡើយ ដោយសារហេតុផលសន្តិសុខ។ យន្តហោះចម្បាំង F-47 នឹងត្រូវជំនួសយន្តហោះចម្បាំង F-22 Raptor ដែលត្រូវបានអភិវឌ្ឍឡើងដំបូង តាំងតែពីទសវត្សរ៍ឆ្នាំ១៩៨០មកម្ល៉េះ។ យន្តហោះចម្បាំង F-22 បានហោះហើរជាលើកដំបូង នៅឆ្នាំ១៩៩៧ ហើយចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ នៅឆ្នាំ២០០៥៕