(តូក្យូ)៖ នៅថ្ងៃសៅរ៍ ទី២២ ខែមីនា ជប៉ុន កូរ៉េខាងត្បូង និងចិន បានឯកភាពគ្នាថា សន្តិភាពនៅឧបទ្វីបកូរ៉េ គឺជាការទទួលខុសត្រូវរួម ហើយបានសន្យា លើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងគ្នា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ការឯកភាពគ្នាដូចខាងលើធ្វើឡើង អំឡុងជំនួបរវាងប្រមុខការទូតនៃប្រទេសទាំង៣ នៅឯទីក្រុងតូក្យូ។ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក Cho Tae Yul បាននិយាយថា «ពួកយើងបានបញ្ជាក់ជាថ្មីថា ការរក្សាសន្តិភាព និងស្ថិរភាព នៅឧបទ្វីបកូរ៉េ គឺជាផលប្រយោជន៍រួម និងជាការទទួលខុសត្រូវរួម សម្រាប់ប្រទេសទាំង៣»។
រីឯរដ្ឋមន្រ្តីការបរទេសជប៉ុន លោក Takeshi Iwaya បាននិយាយថា រូបលោក រួមជាមួយលោក Cho និងរដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បានផ្លាស់ប្តូរទស្សនៈដោយត្រង់ៗរវាងគ្នា ស្តីពីកិច្ចសហប្រតិបត្តិការត្រីភាគី និងកិច្ចការក្នុងតំបន់ក៏ដូចជាអន្តរជាតិ ហើយបានឯកភាពគ្នាថា ភាគីទាំង៣ នឹងបន្តប្រឹងប្រែងលើកកម្ពស់កិច្ចសហប្រតិបត្តិការ នាពេលអនាគត។
ចំណែក លោក Wang បានលើកឡើងថា ឆ្នាំនេះគឺជាខួបទី៨០ នៃការបិទបញ្ចប់សង្រ្គាមលោកលើកទី២ ហើយមានតែការគិតគូរពិចារណាឱ្យល្អិនល្អន់និងស៉ីជម្រៅ អំពីប្រវត្តិសាស្រ្តប៉ុណ្ណោះ ទើបទាំងអស់គ្នាអាចកសាងអនាគតដ៏ប្រសើរមួយ ខណៈការពង្រឹងកិច្ចសហប្រតិបត្តិការ នឹងអនុញ្ញាតឱ្យប្រទេសទាំង៣ រួមគ្នាទប់ស្កាត់ហានិភ័យ និងលើកកម្ពស់ការយល់ដឹងអំពីគ្នា ទៅវិញទៅមក រវាងប្រជាជនចិន កូរ៉េខាងត្បូង និងជប៉ុន។
គួរបញ្ជាក់ថា កិច្ចពិភាក្សានាថ្ងៃសៅរ៍នេះ គឺបន្ទាប់ពីកិច្ចប្រជុំកំពូលត្រីភាគីកម្រមួយ កាលពីខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល ជាទីដែលប្រទេសជិតខាងទាំង៣ ដែលជាប់ជំពាក់ដោយបញ្ហាវិវាទប្រវត្តិសាស្រ្តនិងទឹកដី បានព្រមព្រៀងគ្នាជំរុញចំណងទាក់ទងឱ្យស៉ីជម្រៅ ប៉ុន្តែស្របពេលដែលវិធានការពន្ធពាណិជ្ជកម្មរបស់អាមេរិក កំពុងជះក្តីបារម្ភនៅក្នុងតំបន់ បូករួមជាមួយក្តីកង្វល់កើនឡើង ជុំវិញការធ្វើតេស្តសព្វាវុធរបស់កូរ៉េខាងជើង និងការដាក់ពង្រាយកងទ័ពកូរ៉េខាងជើង ទៅគាំទ្រសង្រ្គាមរុស្ស៉ីប្រឆាំងអ៊ុយក្រែន៕