(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra កំពុងប្រឈមមុខនឹងញត្តិដកសេចក្ដីទុកចិត្តនៅក្នុងរដ្ឋសភា នៅថ្ងៃចន្ទ ទី២៤ ខែមីនា ដោយគណបក្សប្រឆាំងនឹងសួរចម្លើយលោកស្រី ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាសេដ្ឋកិច្ចមិនបានល្អដូចការរំពឹងទុក និងការចោទប្រកាន់ថារដ្ឋាភិបាលរបស់លោកស្រីស្ថិតនៅក្រោមឥទ្ធិពលឪពុករបស់លោកស្រី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។

បើទោះជាមិនទទួលបានអត្រាគាំទ្រខ្ពស់នៅក្នុងការស្ទង់មតិក៏ពិតមែន តែលោកស្រី Paetongtarn បានចូលរួមក្នុងការជជែកដេញដោលជាមួយជំហរដ៏រឹងមាំ ដោយមិនមានសញ្ញាចលាចលណាមួយនៅក្នុង រដ្ឋាភិបាលចម្រុះរបស់លោកស្រីដែលមានសំឡេងភាគច្រើននៅក្នុងរដ្ឋសភានោះឡើយ។ ដូច្នេះវាមិនទំនងនោះទេដែលញត្តិដកសេចក្ដីទុកចិត្តរបស់លោកស្រីអាចនឹងត្រូវបានអនុម័ត នៅក្នុងការបោះឆ្នោតមួយ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃពុធសប្ដាហ៍នេះ។

គណបក្សប្រជាជន (People's Party) ដែលជាបក្សប្រឆាំងក្នុងប្រទេសថៃ បានចោទប្រកាន់ថាលោកស្រី Paetongtarn កំពុងអនុវត្តតាមបទបញ្ជាពីឪពុករបស់លោកស្រី គឺលោក Thaksin Shinawatra។ ប៉ុន្តែ លោកស្រី Paetongtarn បានច្រានចោលការចោទប្រកាន់នេះ ហើយទទូចថារដ្ឋាភិបាលរបស់លោកស្រីមិនស្ថិតនៅក្រោមឥទ្ធិពលរបស់នរណាម្នាក់នោះទេ ខណៈលោក Thaksin បាននិយាយថាលោកបាន ចូលនិវត្ត ហើយផ្ដល់ត្រឹមតែយោបល់តែប៉ុណ្ណោះ។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ វិធានការជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាលលោកស្រី Paetongtarn មិនបានជំរុញកំណើនសេដ្ឋកិច្ចតាមការរំពឹងទុកនោះទេ ដោយអត្រាកំណើនមានត្រឹម២.៥ភាគរយ ប៉ុណ្ណោះ កាលពីឆ្នាំ២០២៤ ដែលនេះគឺទាបជាងអត្រាកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសមានសេដ្ឋកិច្ចធំៗផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍៕