(វ៉ាស៊ីនតោន)៖ មន្ត្រីអាមេរិក និងរុស្ស៊ី នៅថ្ងៃចន្ទនេះ បន្តចរចារគ្នាអំពីសង្គ្រាមអ៊ុយក្រែន នៅប្រទេសអារ៉ាប៊ីសាអូឌីត ដោយផ្តោតជាពិសេសលើកិច្ចព្រមព្រៀងឈប់បាញ់ដាច់ដោយឡែកមួយនៅសមុទ្រខ្មៅ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ ២០២៥។

ជំនួបនេះធ្វើឡើង ខណៈដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងបង្កើនការប្រឹងប្រែងបញ្ចប់ជម្លោះរយៈពេលបីឆ្នាំនេះ បន្ទាប់ពីលោកបាននិយាយទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន និងរុស្ស៊ីកាលពីសប្តាហ៍មុន។

សេតវិមានបានបញ្ជាក់ថា គោលបំណងនៃកិច្ចពិភាក្សានេះគឺដើម្បីសម្រេចបានបទឈប់បាញ់ដែនសមុទ្រនៅសមុទ្រខ្មៅ ដែលនឹងអនុញ្ញាតឱ្យមានលំហូរដឹកជញ្ជូនដោយសេរី ទោះបីជាតំបន់នេះមិនមែនជាចំណុចកណ្តាល នៃប្រតិបត្តិការយោធាខ្លាំងក្លាក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះក៏ដោយ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បានថ្លែងថា «បញ្ហាចម្បងគឺសុវត្ថិភាពនៃការធ្វើនាវាចរណ៍» ដោយកត់សម្គាល់ថា កិច្ចព្រមព្រៀងមុនស្តីពីការដឹកជញ្ជូនសមុទ្រខ្មៅ ដែលត្រូវបានសម្របសម្រួលនៅឆ្នាំ២០២២ បានបរាជ័យក្នុងការផ្តល់នូវអ្វីដែលបានសន្យាជាមួយទីក្រុងម៉ូស្គូ។

គួរបញ្ជាក់ថា កិច្ចចរចារខាងលើនេះ​ មាន​ការ​ចូលរួម​ពី​តំណាង​ជាន់ខ្ពស់​មក​ពី​ស្ថាប័ន​សំខាន់ៗ​របស់​ប្រទេស​ទាំងពីរ។ ភាគី​អាមេរិក​រួម​មាន​មន្ត្រី​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ និង​ក្រសួងការបរទេស ចំណែក​ភាគី​រុស្ស៊ី​មាន​អ្នកការទូត​ជើងចាស់ និង​មន្ត្រី​សន្តិសុខ​ជាន់ខ្ពស់។ ទោះបី​មាន​សញ្ញា​វិជ្ជមាន​ខ្លះ​ក្នុង​ការ​ពិភាក្សា​លើ​បញ្ហា​រសើប​នានា​ក៏​ដោយ ក៏​ជំហរ​ខុសគ្នា​ខ្លាំង​នៅ​តែ​មាន​ដដែល ជាពិសេស​ទាក់ទង​នឹង​ការ​ទាមទារ​របស់​លោក ពូទីន ឲ្យ​អ៊ុយក្រែន​បោះបង់​ចោល​មហិច្ឆតា​ចូល​ណាតូ និង​ដកទ័ព​ចេញពី​តំបន់​ដែល​រុស្ស៊ី​គ្រប់គ្រង៕