(ហ្សឺណែវ)៖ ទីភ្នាក់ងារជំងឺអេដស៍របស់អង្គការសហប្រជាជាតិ (UNAIDS) បានព្រមាននៅថ្ងៃចន្ទនេះថា ការផ្អាកជំនួយរបស់សហរដ្ឋអាមេរិក អាចនាំឱ្យមានការឆ្លងមេរោគអេដស៍ថ្មីប្រមាណ ២.០០០ ករណីក្នុងមួយថ្ងៃនៅទូទាំងពិភពលោក និងការកើនឡើងនៃការស្លាប់ដែលពាក់ព័ន្ធនឹងជំងឺនេះរហូតដល់ដប់ដង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ ២០២៥។

ការព្រមាននេះធ្វើឡើងដោយសារការព្រួយបារម្ភថា ប្រសិនបើមូលនិធិដែលបានផ្អាកមិនត្រូវបានស្តារឡើងវិញ ឬជំនួសដោយប្រភពផ្សេងទេ នោះវានឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ជាសកល។

នាយកប្រតិបត្តិ UNAIDS លោកស្រី Winnie Byanyima បានថ្លែងថា «ការដកហូតមូលនិធិភ្លាមៗរបស់សហរដ្ឋអាមេរិកនេះ បាននិងកំពុងបិទគ្លីនិកជាច្រើន និងបញ្ឈប់បុគ្គលិកសុខាភិបាលរាប់ពាន់នាក់... ទាំងអស់នេះមានន័យថា យើងអាចនឹងឃើញការឆ្លងថ្មីចំនួន ២.០០០ ករណីជារៀងរាល់ថ្ងៃ»។

លោកស្រីក៏បានព្រមានផងដែរថា ប្រសិនបើមូលនិធិពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) មិនត្រូវបានបន្តនៅចុងបញ្ចប់នៃការផ្អាករយៈពេល ៩០ ថ្ងៃនៅក្នុងខែមេសា ឬមិនត្រូវបានជំនួសដោយរដ្ឋាភិបាលផ្សេងទេនោះ «វានឹងមានករណីស្លាប់ដោយសារជំងឺអេដស៍ចំនួន ៦,៣ លាននាក់ក្នុងរយៈពេល ៤ ឆ្នាំខាងមុខ»។ តួលេខ​នេះ​បង្ហាញ​ពី​ការ​កើនឡើង​យ៉ាង​ខ្លាំង​ បើ​ធៀប​នឹង​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​អេដស៍​ប្រមាណ ៦០០.០០០ នាក់​នៅ​ទូទាំង​ពិភពលោក​ក្នុង​ឆ្នាំ ២០២៣ នេះ​បើ​តាម​ទិន្នន័យ​ចុងក្រោយ។ ការ​កើនឡើង​នេះ​អាច​មាន​រហូត​ដល់​ទៅ​ដប់​ដង​នៃ​ចំនួន​អ្នក​ស្លាប់​បច្ចុប្បន្ន។

គួរបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចផ្អាកជំនួយបរទេសស្ទើរតែទាំងអស់នៅពេលចូលកាន់តំណែងកាលពីថ្ងៃទី ២០ ខែមករា។ ក្រោយមក ក្រសួងការបរទេសបានបញ្ជាក់ថា កម្មវិធីសង្គ្រោះជីវិតដែលទាក់ទងនឹងជំងឺអេដស៍ក្រោមគម្រោង PEPFAR នឹងបន្តដំណើរការ។ ទោះជាយ៉ាងណាក៏ដោយ UNAIDS បានរាយការណ៍ថា ការរំខានដល់ការផ្តល់មូលនិធិសុខភាព និងសេវាគាំទ្រទូលំទូលាយ​ កំពុងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អ្នកផ្ទុកមេរោគអេដស៍៕