(ព្រុចសែល)៖ កាលពីថ្ងៃអង្គារ ទី២៥ ខែមីនា ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa បាននិយាយថា អឺរ៉ុបចាំបាច់ត្រូវតែ​មានគ្រប់មធ្យោបាយទាំងអស់ ដើម្បីការពារខ្លួនឯង ប្រឆាំងនឹងការឈ្លានពានយោធា ហើយលោកបានបន្ថែមថា សន្តិភាពដោយគ្មាន​សមត្ថភាពការពារជាតិ គឺជាទស្សនៈភាន់ច្រឡំមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

អំឡុងព្រឹត្តិការណ៍មួយនៃមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយអឺរ៉ុប ក្នុងទីក្រុងព្រុចសែល លោក Costa បានលើកឡើងដូច្នេះថា «ប្រសិនបើរុស្ស៉ីចាត់ទុកព្រំប្រទល់របស់អ៊ុយក្រែន គ្រាន់ជាខ្សែបន្ទាត់មួយនៅលើផែនទី ហេតុអ្វីរុស្ស៉ីគួរតែគោរពព្រំប្រទល់របស់ប្រទេសដទៃទៀត។ ពេលនេះ វាច្បាស់ណាស់ថា ជម្រើសប្រសើរបំផុត ដើម្បីការពារសម្ព័ន្ធភាពរបស់យើង គឺត្រូវពង្រឹងសសរស្តម្ភអឺរ៉ុបរបស់អង្គការ NATO ត្រូវមានស្វយ័តភាពជាងមុន ត្រូវមានឯករាជ្យជាងមុន និងត្រូវបន្ថយការពឹងផ្អែកលើអ្នកដទៃ​ តួយ៉ាងដូចជាសហរដ្ឋអាមេរិក»

គួរបញ្ជាក់ថា អឺរ៉ុបកំពុងប្រឹងប្រែងបង្កើនសមត្ថភាពការពារជាតិរបស់ខ្លួនជាខ្លាំង ដោយសារតែក្តីកង្វល់អំពីសហរដ្ឋអាមេរិក ដែលធ្លាប់ជាអ្នកធានាសន្តិសុខរបស់អឺរ៉ុបជាយូរមកហើយ ចាប់តាំងពីចុងបញ្ចប់នៃសង្រ្គាមលោកលើកទី២ តែឥឡូវនេះ ហាក់មានបំណងចង់​ដោះដៃចោលខ្លួន ហើយងាកទៅផ្តោតលើតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិកវិញ៕