(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ សហរដ្ឋអាមេរិក បានដាក់បន្ថែមក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៦ទៀតរបស់ Inspur Group ដែលជាក្រុមហ៊ុនផ្តល់សេវា cloud computing ឈានមុខគេ និងជាអ្នកផ្តល់សេវាទិន្នន័យដ៏ធំរបស់ចិន ព្រមទាំងក្រុមហ៊ុនចិនជាច្រើនទៀត ទៅក្នុងបញ្ជីរឹតបន្តឹងការនាំចេញរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ ២០២៥។
ក្រសួងពាណិជ្ជកម្មអាមេរិក បានលើកឡើងនៅក្នុងសេចក្តីប្រកាសមួយថា បុត្រសម្ព័ន្ធរបស់ Inspur ត្រូវបានក្នុងចុះបញ្ជីខ្មៅ ទាក់ទងនឹងការរួមចំណែកអភិវឌ្ឍកុំព្យូទ័រទំនើបៗឱ្យយោធាចិន។ ក្នុងនោះ ៥ក្រុមហ៊ុន មានមូលដ្ឋាននៅចិន និងមួយទៀតនៅតៃវ៉ាន់។ ក្រុមហ៊ុន និងវិទ្យាស្ថានប្រហែល ៨០ផ្សេងទៀត ក៏ត្រូវបានដាក់នៅក្នុងបញ្ជីរឹតបន្តឹងការនាំចេញនេះដែរ ដោយជាង ៥០មានមូលដ្ឋាននៅចិន រីឯខ្លះទៀតនៅតៃវ៉ាន់ អ៉ីរ៉ង់ ប៉ាគីស្ថាន អាហ្រ្វិកខាងត្បូង និងអេមីរ៉ាតអារ៉ាប់រួម។
ការបន្ថែមឈ្មោះក្រុមហ៊ុនចិនទៅក្នុងបញ្ជីខ្មៅរបស់ក្រសួងនាពេលនេះ គឺនៅក្រោមហេតុផលសន្តិសុខជាតិ ឬកង្វល់ផ្នែកគោលនយោបាយបរទេស។ ក្រុមហ៊ុនមិនអាចលក់ទំនិញទៅឱ្យក្រុមហ៊ុនដែលមានក្នុងបញ្ជីខ្មៅនេះឡើយ ហើយការស្នើសុំលើកលែងណាមួយ ទំនងជាត្រូវបានបដិសេធ។ តាមលោក Jeffrey Kessler មន្រ្តីនៃក្រសួងពាណិជ្ជកម្មអាមេរិក រដ្ឋបាលអាមេរិកមានបំណងការពារ «បច្ចេកវិទ្យា និងទំនិញអាមេរិក» ពីការប្រើប្រាស់ក្នុងគោលបំណងមិនប្រក្រតី ដូចជាការផលិតមីស៉ីលលឿនជាងសំឡេង ការហ្វឹកហាត់យន្តហោះយោធា និងដ្រូនជាដើម។
ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៉ីនតោន បានប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះចំណាត់ការនេះ ហើយទាមទារឱ្យសហរដ្ឋអាមេរិក បញ្ឈប់ជាបន្ទាន់ក្នុងការយកបញ្ហាយោធា ជាលេសដើម្បីធ្វើនយោបាយ និងយកបញ្ហាពាណិជ្ជកម្ម បច្ចេកវិទ្យា ធ្វើជាអាវុធ។ ដោយឡែក Inspur Group មិនទាន់ឆ្លើយតបចំពោះសំណើសុំអត្ថាធិប្បាយនៅឡើយទេ៕