(ហ្គាហ្សា)៖ ប្រជាជនប៉ាឡេស្ទីនរាប់រយនាក់ បានធ្វើបាតុកម្មនៅភាគខាងជើងតំបន់ហ្គាហ្សា ដោយបានស្រែកពាក្យស្លោក «ហាម៉ាសចេញទៅ» ដើម្បីទាមទារឱ្យបញ្ចប់សង្រ្គាម។ នេះគឺជាការបង្ហាញជាសាធារណៈដ៏កម្រ នៃការប្រឆាំងទៅនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលបានបង្កឱ្យមានសង្រ្គាមចុងក្រោយ កាលពីខែតុលា ឆ្នាំ២០២៣។
នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អ្នកឃើញហេតុការណ៍បានរាយការណ៍ថា បាតុករបានដើរតាមដងផ្លូវក្នុងតំបន់ Beit Lahiya ដែលរងការបំផ្លិចបំផ្លាញយ៉ាងខ្លាំង ដោយស្រែកពាក្យស្លោកប្រឆាំងនឹងក្រុមហាម៉ាស ដោយសារតែពួកគេអស់កម្លាំងនឹងសង្រ្គាម។
ក្រុមហាម៉ាសបានឆ្លើយតប ដោយនិយាយថា ប្រជាជនមានសិទ្ធិក្នុងការតវ៉ាអំពីការឈឺចាប់ដែលបណ្តាលមកពីសង្រ្គាម ប៉ុន្តែបានថ្កោលទោសអ្វីដែលពួកគេហៅថា «របៀបវារៈនយោបាយគួរឱ្យសង្ស័យ» ដែលកំពុងឆ្លៀតឱកាសក្នុងស្ថានភាពនេះ។
គួរបញ្ជាក់ថា ការតវ៉ានេះបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីក្រុម Fatah ដែលជាគូប្រជែងរបស់ក្រុមហាម៉ាស បានអំពាវនាវឱ្យក្រុមហាម៉ាសឆ្លើយតបទៅនឹងការទាមទាររបស់ប្រជាជននៅតំបន់ហ្គាហ្សាស្ទ្រីប។ តំបន់ហ្គាហ្សាខាងជើង គឺជាតំបន់មួយដែលរងការបំផ្លិចបំផ្លាញខ្លាំងជាងគេនៅក្នុងតំបន់ហ្គាហ្សាទាំងមូល។ អគារជាច្រើននៅក្នុងតំបន់ដែលមានប្រជាជនរស់នៅក្រាស់ក្រែលត្រូវបានកាត់បន្ថយទៅជាគំនរថ្ម ហើយប្រជាជនជាច្រើនបានផ្លាស់ទីលំនៅជាច្រើនដងរួចមកហើយ ដើម្បីគេចចេញពីជម្លោះ៕