(កៀវ)៖ មន្ត្រីជាន់ខ្ពស់អ៊ុយក្រែន បានអះអាងនៅថ្ងៃពុធថា រុស្ស៊ីបានវាយប្រហារទៅលើទីតាំងថាមពលអ៊ុយក្រែនយ៉ាងហោចណាស់ចំនួន ៨ កន្លែង ចាប់តាំងពីថ្ងៃទី ១៨ ខែមីនា នៅពេលដែលទីក្រុងម៉ូស្គូព្រមព្រៀងផ្អាកការវាយប្រហារបែបនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អនុប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក Ihor Zhovkva បានថ្លែងប្រាប់ទូរទស្សន៍ជាតិថា ការវាយប្រហារទាំងនេះបានកើតឡើងផ្ទុយពីការប្រកាសរបស់រុស្ស៊ី។
នាឳកាសនោះ លោកក៏បានបដិសេធសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង ដែលបានលើកឡើងថា មានលក្ខខណ្ឌមួយចំនួនត្រូវបំពេញ មុនពេលកិច្ចព្រមព្រៀងសន្តិសុខដែនសមុទ្រខ្មៅដែលបានចរចាជាមួយសហរដ្ឋអាមេរិកអាចចូលជាធរមាន។ លោក Zhovkva បានបញ្ជាក់យ៉ាងច្បាស់ថា គ្មានលក្ខខណ្ឌណាមួយត្រូវបានពិភាក្សាជាមួយមន្ត្រីអាមេរិកទេ នៅពេលដែលពួកគេបានព្រមព្រៀង លើបទឈប់បាញ់នៅសមុទ្រខ្មៅជាមួយរុស្ស៊ី ក្នុងអំឡុងពេលកិច្ចចរចានៅប្រទេសអារ៉ាប៊ីសាអូឌីតកាលពីសប្តាហ៍មុន៕