(មូស្គូ)៖ រុស្ស៉ី កាលពីថ្ងៃអង្គារ ទី២៥ ខែមីនា បាននិយាយថាសហរដ្ឋអាមេរិកបានយល់ព្រមថានឹងជួយទីក្រុងមូស្គូ ក្នុងការជំរុញឲ្យមានការលុបចោលការរឹតត្បិតលើចំណីអាហារ ជី និងក្រុមហ៊ុនដឹកជញ្ជូន ជាថ្នូរទៅនឹងការយល់ព្រមទទួលយកកិច្ចព្រមព្រៀងសន្តិសុខសមុទ្រមួយនៅសមុទ្រខ្មៅ ខណៈអ៊ុយក្រែនក៏បានយល់ព្រមទទួលយកបទឈប់បាញ់សមុទ្រខ្មៅ នេះដែរ ។ សហរដ្ឋអាមេរិកបានបញ្ជាក់ទៀតថាខ្លួនក៏បានឈានដល់ការឯកភាពគ្នាដាច់ដោយឡែកជាមួយរុស្ស៉ី និងអ៊ុយក្រែនផងដែរ ដើម្បីអនុវត្តបទឈប់បាញ់ដោយបញ្ឈប់ការវាយប្រហារលើ រោងចក្រថាមពលដាក់គ្នាទៅវិញទៅមក រយៈពេល៣០ថ្ងៃ។ ភ្លាមៗ គេមិនទាន់ដឹងច្បាស់ថាតើនៅពេលណា ឬក៏ថាតើកិច្ចព្រមព្រៀងសន្តិសុខសមុទ្រខ្មៅ នឹងត្រូវចាប់ផ្ដើមអនុវត្តយ៉ាងដូចម្ដេចនោះទេ? តែប្រសិនបើកិច្ចព្រមព្រៀងនេះពិតជាត្រូវបានអនុវត្តមែន នោះវានឹងក្លាយជាការរីកចម្រើនដ៏ច្បាស់លាស់មួយមិនធ្លាប់មាន ឆ្ពោះទៅរកបទឈប់បាញ់ដ៏ទូលំទូលាយមួយដែល ទីក្រុងវ៉ាស៊ីនតោន មើលឃើញថាជាជំហានមួយឆ្ពោះទៅរកកិច្ចចរចាសន្តិភាព សំដៅបិទបញ្ចប់សង្រ្គាមឈ្លានពានរបស់រុស្ស៉ីប្រឆាំងអ៊ុយក្រែនរយៈពេល ៣ឆ្នាំមកនេះ។ ខាងក្រោមនេះជាចំណុចសំខាន់ៗគួរដឹងពី កិច្ចព្រមព្រៀងសមុទ្រខ្មៅ៖
* តើរុស្ស៉ីនឹងទទួលបានអ្វីខ្លះ?
សហរដ្ឋអាមេរិកបាននិយាយថាខ្លួននឹងជួយឲ្យរុស្ស៉ីអាចនាំចេញផលិតផលកសិកម្ម និងជី ទៅកាន់ទីផ្សារពិភពលោកឡើងវិញ ក៏ដូចជាបន្ទាបតម្លៃធានារ៉ាប់រងសមុទ្រ និងជួយសម្រួលការចូលទៅកាន់កំពង់ផែនានា រួមទាំងប្រព័ន្ធទូទាត់ សម្រាប់ការធ្វើពាណិជ្ជកម្មផលិតផលទាំងនេះ។ រុស្ស៉ីវិញបាននិយាយថាបានព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ក្នុងការធានាការអនុវត្តគំនិតផ្ដួចផ្ដើមសមុទ្រខ្មៅដែលនឹងរួមបញ្ចូលទាំងការធានាសុវត្ថិភាពនៃការធ្វើនាវាចរនៅសមុទ្រខ្មៅ ការមិនប្រើប្រាស់កម្លាំងបាយ ការទប់ស្កាត់ការប្រើប្រាស់នាវា ឬកប៉ាល់ពាណិជ្ជកម្មក្រោមបុព្វហេតុយោធា និងរៀបចំវិធានការគ្រប់គ្រងឲ្យបានត្រឹមត្រូវ តាមរយៈការត្រួតពិនិត្យលើនាវា។ តាមវិមានក្រឹមឡាំង កិច្ចព្រមព្រៀងស្ដីពីសុវត្ថិភាពសមុទ្រនឹងត្រូវចូលជាធរមាន ក្រោយលក្ខខណ្ឌរបស់ខ្លួនត្រូវបានបំពេញ ក្នុងនោះរួមមានដូចជា ការលុបចោលការរឹតត្បិត និងទណ្ឌកម្មលើធនាគារ ក្រុមហ៊ុននាំចេញចំណីអាហារ ជី និងនាវារុស្ស៉ី។
រុស្ស៉ីចង់ឲ្យមានការលុបចោលការរឹតត្បិតលើធនាគារ Rosselkhozbank និងស្ថាប័នហិរញ្ញវត្ថុដទៃទៀតដែលចូលរួមក្នុងការរ៉ាប់រងពាណិជ្ជកម្មអន្តរជាតិខាងចំណីអាហារ (ក្នុងនោះរួមមានផលិតផល ជលផល) ជី និងទំនាក់ទំនងរបស់ពួកគេ ជាមួយប្រព័ន្ធទូទាត់សកល SWIFT ក៏ដូចជាបើកគណនីឆ្លើយឆ្លងជាដើម។ លក្ខខណ្ឌរបស់រុស្ស៉ី ក្នុងនោះរួមមានការលុបចោលការរឹតត្បិតលើប្រតិបត្តិការពាណិជ្ជកម្មហិរញ្ញវត្ថុ និងទណ្ឌកម្មលើបណ្ដាក្រុមហ៊ុនផលិត និងនាំចេញចំណីអាហារ (ក្នុងនោះរួមមានផលិតផលជលផល និងជី) ព្រមទាំងលុបចោលការរឹតត្បិតលើការងាររបស់ក្រុមហ៊ុនធានារ៉ាប់រងពាក់ព័ន្ធនឹងការដឹកជញ្ជូនចំណីអាហារ (ក្នុងនោះរួមមាន ផលិតផលជលផល) និងជី។ ចំណែកឯ លក្ខខណ្ឌផ្សេងទៀត គឺរួមមានការលុបចោលការរឹតត្បិតលើសេវាកម្មថែទាំកប៉ាល់ នៅតាមកំពង់ផែនានា និងទណ្ឌកម្មប្រឆាំងនាវាដោតទង់ជាតិរុស្ស៉ីដែលចូលរួមក្នុងពាណិជ្ជកម្ម ចំណីអាហារ និងជី។ ការរឹតត្បិតក៏នឹងត្រូវបានលុបចោលផងដែរលើការផ្គត់ផ្គង់ម៉ាស៊ីនកសិកម្មទៅកាន់រុស្ស៉ី រួមទាំងទំនិញដទៃទៀតដែលពាក់ព័ន្ធនឹងផលិតផលចំណីអាហារ (ក្នុងនោះរួមមានផលិតផលជលផល) និងជី។
* តើអ៊ុយក្រែនទទួលបានអ្វីខ្លះ?
ទីក្រុងវ៉ាស៊ីនតោនបាននិយាយថាខ្លួនបានឈានដល់ការឯកភាពជាមួយអ៊ុយក្រែនថាសហរដ្ឋអាមេរិកនៅតែបន្តប្ដេជ្ញាចិត្តដើម្បីជួយសម្រេចឲ្យបាននូវការដោះដូរឈ្លើយសឹក ការដោះលែងជនស៊ីវិលដែលកំពុងជាប់ឃុំ និងការប្រគល់ត្រឡប់មកវិញនូវកុមារអ៊ុយក្រែនដែលទីក្រុងកៀវចោទថាត្រូវបានរុស្ស៉ីចាប់ពង្រត់។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងខាងលើ គឺជាការវិលត្រឡប់ទៅរកគំនិតផ្ដួចផ្ដើមសមុទ្រខ្មៅ (Black Sea Initiative) ដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០២២ ក្រោមការសម្របសម្រួលរបស់តួកគី និងអង្គការសហប្រជាជាតិ (UN) អមជាមួយអនុស្សរណយោគយល់មួយមានរយៈពេល៣ឆ្នាំ ដែលតាមនោះក្រុមមន្ត្រី UN យល់ព្រមជួយរុស្ស៉ីអាចនាំចេញផលិតផលចំណីអាហារ និងជី ទៅកាន់ទីផ្សារក្រៅប្រទេស។ រុស្ស៉ីបានដកខ្លួនចេញពីគំនិតផ្ដួចផ្ដើម នេះក្នុងឆ្នាំ២០២៣ ដោយសំអាងថាការនាំចេញចំណីអាហារ និងជីរបស់ខ្លួននៅតែជួបឧបសគ្គរាំងស្ទះ បើទោះជាតាមការពិតទៅ រុស្ស៉ីមិនបានប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរក្នុងដឹកជញ្ជូន ឬនាំចេញគ្រាប់ធញ្ញជាតិរបស់ខ្លួន ទៅកាន់ ទីផ្សារពិភពលោកតាមសមុទ្រខ្មៅក៏ដោយ។ ខណៈការនាំចេញចំណីអាហារ និងជីរបស់រុស្ស៉ីមិនស្ថិតក្រោមការដាក់ទណ្ឌកម្មពីលោកខាងលិច ទីក្រុងមូស្គូបាននិយាយថាការរឹតត្បិតលើប្រព័ន្ធទូទាត់ ភស្តុភារ និងធានារ៉ាប់រងបាន ក្លាយជារនាំងឧបសគ្គមួយដល់ការធ្វើពាណិជ្ជកម្មរបស់ខ្លួន៕