(វ៉ាស៊ីនតោន)៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក កំពុងត្រួតពិនិត្យករណីលេចធ្លាយសារឯកជនរបស់រដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth ដែលបានបង្ហាញពីពេលវេលា និងព័ត៌មានលម្អិតនៃប្រតិបត្តិការវាយប្រហារតាមអាកាសលើក្រុមហ៊ូធីនៅយេម៉ែន កាលពីថ្ងៃទី ១៥ ខែមីនា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ព័ត៌មាននេះត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មាន The Atlantic ដែលបានបង្ហាញរូបថតអេក្រង់នៃការសន្ទនាតាមសារនោះ។ ការលេចធ្លាយនេះបានកើតឡើង ចំពេលដែលរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ កំពុងព្យាយាមគ្រប់គ្រងផលវិបាកនៃការបែកធ្លាយព័ត៌មានថា ពួកគេបានបញ្ចូល លោក Jeffrey Goldberg និពន្ធនាយកទស្សនាវដ្ដី The Atlantic ទៅក្នុងក្រុមជជែក Signal ដើម្បីសម្របសម្រួលពេលវេលានៃប្រតិបត្តិការ។
សារដែលផ្ញើដោយលោក Hegseth ដែលមានចំណងជើងថា "TEAM UPDATE" បានបង្ហាញពីពេលវេលាចាប់ផ្តើម នៃការបញ្ជូនយន្តហោះចម្បាំង F-18 ព្រមទាំងការដាក់ពង្រាយយន្តហោះគ្មានមនុស្សបើក MQ-9 និងការបាញ់បង្ហោះមីស៊ីលTomahawk ។ សារនោះក៏បានបញ្ជាក់អំពីអាកាសធាតុអំណោយផល និងការត្រៀមខ្លួនរួចរាល់នៃបេសកកម្ម។
ទោះជាយ៉ាងណា នាយក CIA លោក John Ratcliffe បានអះអាងនៅក្នុងសវនាការនៅព្រឹទ្ធសភាកាលពីថ្ងៃអង្គារថា ព័ត៌មានដែលបែកធ្លាយពីក្រុមជជែក Signal គឺជាប្រភេទព័ត៌មានដែលមិនបានចាត់ថ្នាក់ ហើយក្រុមការងារនឹង «ត្រូវបានផ្តល់ព័ត៌មានបន្ថែមទៀតសម្រាប់ការទំនាក់ទំនងកម្រិតខ្ពស់»។
ទន្ទឹមគ្នានេះ ទីប្រឹក្សាសន្តិសុខជាតិ លោក Mike Waltz បានទទួលស្គាល់ការទទួលខុសត្រូវចំពោះការលេចធ្លាយនេះ ដោយបញ្ជាក់ថាក្រុមជជែក Signal ត្រូវបានបង្កើតឡើងដោយលោក។ ទោះជាយ៉ាងណាក៏ដោយ លោកបានបន្ទាបសារៈសំខាន់ នៃការលេចធ្លាយនេះ ដោយអះអាងថា គ្មានទីតាំង គ្មានប្រភព ឬវិធីសាស្ត្រ និងគ្មានផែនការសង្រ្គាមត្រូវបានបង្ហាញឡើយ ហើយដៃគូបរទេសត្រូវបានជូនដំណឹងរួចហើយ អំពីការវាយប្រហារនេះ។
ចំណែក រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Hegseth ក៏បានបដិសេធការចោទប្រកាន់ថា ខ្លួនបានចែករំលែកផែនការសង្រ្គាមផងដែរ ហើយបានសម្តែងមោទនភាពចំពោះប្រសិទ្ធភាពនៃការវាយប្រហារ៕