(វ៉ាស៊ីនតោន)៖ ទស្សនាវដ្ដីអាមេរិក The Atlantic កាលពីថ្ងៃពុធ ទី២៦ ខែមីនា បានបញ្ចេញសារឆ្លើយឆ្លងបន្ថែមពីក្រុមមន្ត្រីរដ្ឋបាលលោក ដូណាល់ ត្រាំ ដែលត្រូវបានផ្ញើទៅកាន់និពន្ធយករបស់ខ្លួនដោយចៃដន្យ។ ការបញ្ចេញសារទាំងនេះ បន្ថែមកើតមានឡើង បន្ទាប់ពីកើតមានជម្លោះរវាងសេតវិមាន និងទស្សនាវដ្ដី The Atlantic ដែលដំបូងឡើយបានចេញផ្សាយសារឆ្លើយឆ្លងមួយចំនួនរវាងក្រុមមន្ត្រីកំពូលៗរបស់សហរដ្ឋអាមេរិក នៅលើកម្មវិធីផ្ញើសារ Signal ពាក់ព័ន្ធនឹង ការវាយប្រហារយោធាតាមផ្លូវអាកាសនៅក្នុងប្រទេសយេម៉ែន។ និពន្ធនាយក The Atlantic លោក Jeffrey Goldberg ដែលត្រូវបាន Add​ ចូលទៅក្នុងគ្រុបឆាតនៃកិច្ចសន្ទនានោះ ដោយចៃដន្យបានបញ្ចេញសារឆ្លើយឆ្លងនៅក្នុងអត្ថបទ មួយរបស់លោក។ ដូច្នេះខាងក្រុមនេះគឺជាចំណុចសំខាន់ៗគួរដឹងពីការបែកធ្លាយផែនការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិកប្រឆាំងក្រុមហ៊ូទី ក្នុងប្រទេសយេម៉ែន៖

*​ សារឆ្លើយឆ្លងមានបញ្ចូលព័ត៌មានដែលអ្នកជំនាញចាត់ទុកថាជាព័ត៌មានសម្ងាត់កម្រិតខ្ពស់
ព័ត៌មាននៃសារឆ្លើយឆ្លងគ្នារវាងក្រុមមន្ត្រីអាមេរិកកំពូលៗដែលត្រូវបានចេញផ្សាយជាសាធារណៈដោយទស្សនាវដ្ដី The Atlantic ក្នុងនោះរួមមានសេចក្ដីលម្អិតអំពីពេលវេលាជាក់លាក់ដែលយន្ដហោះចម្បាំង F-18 និងដ្រូន MQ-9 រួមទាំងមីស៊ីលគ្រូស Tomahawk នឹងត្រូវបានប្រើប្រាស់នៅក្នុងការវាយប្រហារ។ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានផ្ដល់សេចក្ដីលម្អិតអំពីពេលវេលាដែលយន្ដហោះចម្បាំងត្រូវហោះចេញ និងទម្លាក់គ្រាប់បែកលើគោលដៅក្នុងប្រទេសយេម៉ែន (នៅម៉ោង ១២៖១៥នាទី F-18 ចាប់ផ្ដើមបើកការវាយប្រហារ ហើយនៅម៉ោង ១៤៖១៥នាទី ដ្រូនទម្លាក់គ្រាប់បែក)។ ចំណែក ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Mike Waltz បានបញ្ជាក់ពីពេលវេលាពិតប្រាកដនៃព័ត៌មានស៊ើបការណ៍សម្ងាត់ ក្រោយការវាយប្រហារចាប់ផ្ដើម ដោយនិយាយថាអគារបានដួលរលំ...ជនដែលជាគោលដៅត្រូវបានឃើញដើរចូលក្នុងផ្ទះមិត្តស្រីរបស់ខ្លួន មុននឹងមីស៊ីលធ្លាក់ចំ។ ការបែកធ្លាយពីពេលវេលាពិតប្រាកដណាមួយ ប្រៀបដូចជាការជូនដំណឹងជាមុនទៅឱ្យក្រុមហ៊ូទីគេចខ្លួនចេញពីទីតាំងរបស់ពួកគេ ឬត្រៀមខ្លួនទុកជាមុន។

«ព័ត៌មាននេះ ពិតប្រាកដណាស់ត្រូវបានយកចេញពីពេលវេលាពិតប្រាកដនៃប្រតិបត្តិការមួយដែលកំពុងធ្វើឡើង»។ នេះជាការគូសបញ្ជាក់របស់លោក Mick Mulroy ​ជាអតីតមន្ត្រីម្នាក់មកពីទីភ្នាក់ងារស៊ើបការណ៍អាមេរិក CIA ដែលធ្លាប់បម្រើការជាអ្នកទទួលខុសត្រូវម្នាក់លើកិច្ចការតំបន់មជ្ឈិមបូព៌ានៃមន្ទីរបញ្ចកោណ អំឡុងអាណត្តិទី១របស់លោក ត្រាំ។ លោក Mulroy បន្តថាការធ្វើឱ្យបែកធ្លាយព័ត៌មានណាមួយអាចនឹងបំផ្លាញដល់ប្រតិបត្តិការ និងធ្វើ ឱ្យជីវិតពីឡុតស្ថិតក្នុងគ្រោះថ្នាក់។ និយាយជារួម លោក Mulroy យល់ថាប្រតិបត្តិការធ្វើឡើងជាសម្ងាត់ ឬនៅជិតទីតាំងនុយក្លេអ៊ែរណាមួយ ព័ត៌មានទាំងនោះត្រូវបានការពារក្នុងកម្រិតខ្ពស់បំផុត។ ដូច្នេះទោះជាមិនមានការបញ្ជាក់ពី ទីតាំងពិតប្រាកដនៃគោលដៅត្រូវវាយប្រហារក៏ដោយ ក៏មិនមែនមានន័យថាវាមិនមែនជាព័ត៌មានសម្ងាត់នោះឡើយ។ កាលពីខែកញ្ញា ឆ្នាំ២០២៤ ការិយាល័យនាយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាមេរិកបានផ្ដល់អនុសាសន៍ថា «ព័ត៌មានដែលផ្ដល់ការបញ្ជាក់ ឬការព្រមានឱ្យដឹងមុនថាសហរដ្ឋអាមេរិក ឬក៏សម្ព័ន្ធមិត្តអាមេរិកកំពុងត្រៀមរៀបចំការវាយប្រហារ គួរតែត្រូវបានចាត់ទុកជាព័ត៌មានសម្ងាត់កម្រិតខ្ពស់បំផុត។

* សេតវិមានបដិសេធសារឆ្លើយឆ្លងលើ Signal មានបញ្ចូលផែនការសង្រ្គាម
រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានហៅការចុះផ្សាយរបស់ទស្សនាវដ្ដី The Atlantic ជារឿងកុហកបោកប្រាសដោយសំអាងថាទស្សនាវដ្ដីនេះប្រើប្រាស់ពាក្យ «ផែនការសង្រ្គាម»។ ភ្លាមៗបន្ទាប់ពី The Atlantic ចេញផ្សាយសារឆ្លើយឆ្លងជាលើកទី២ កាលពីថ្ងៃពុធ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានបង្ហោះ Screenshot ចំណងជើងអត្ថបទមួយរបស់ The Atlantic ថា «នេះជាផែនការវាយប្រហារដែលក្រុមទីប្រឹក្សាលោក ត្រាំ ពិគ្រោះគ្នានៅលើ Signal (Here Are the Attack Plans That Trump's Advisers Shared on Signal)។ ចំណងជើងអត្ថបទរបស់ The Atlantic កាលពីថ្ងៃចន្ទ ទី២៤ ខែមីនាវិញគឺ « រដ្ឋបាលលោក ត្រាំបានផ្ញើសារមកខ្ញុំដោយចៃដន្យអំពីផែនការសង្រ្គាមរបស់ខ្លួន (The Trump Administration Accidentally Texted Me Its War Plans)»។ ក្រោយមកទៀត លោកស្រី Leavitt បានបង្ហោះសារមួយលើបណ្ដាញទំនាក់ទំនងសង្គម X ដោយសរសេរថា «The Atlantic បានសារភាពថាវាមិនមែនជាផែនការសង្រ្គាមនោះទេ»។ បន្ថែមពីលើនេះដោយចង់សំដៅទៅលើលោក Jeffrey Goldberg លោកស្រីបាននិយាយថា អត្ថបទទាំងមូលគឺជារឿងកុហកបោកប្រាសដែលត្រូវបានសរសេរឡើង ដោយមនុស្សម្នាក់ដែលស្អប់លោក ត្រាំ តែប៉ុណ្ណោះ ខណៈលោក Pete Hegseth បានអះអាងថាសារឆ្លើយឆ្លងទាំងនោះមិនមានព័ត៌មានសម្ងាត់អ្វីនោះទេ។ តែទោះជាបែបនេះក្ដី អតីតក្រុមមន្ត្រីអាមេរិកទាំងខាងសន្តិសុខ និងយោធា បាននិយាយថារាល់កិច្ចពិភាក្សាមានបញ្ជាក់ពីពេលវេលាដែលយន្ដហោះចម្បាំងត្រូវហោះចេញ និងពេលវេលាត្រូវវាយប្រហារ គឺជារឿងមួយដ៏រសើប។ ផែនការសង្រ្គាមគឺជាយុទ្ធសាស្ត្រដែលយោធាត្រូវធ្វើតាម សម្រាប់ជម្លោះទាំងស្រុង មួយ តួយ៉ាងដូចជាសង្រ្គាមប្រឆាំងពួក ISIS ជាដើម។ ចំណែក ផែនការវាយប្រហារគឺជាការត្រៀមលក្ខណៈដើម្បីវាយប្រហារភ្លាមៗ ក្នុងពេលប៉ុន្មានម៉ោង ឬប៉ុន្មានថ្ងៃ។ តាមលោក Mulroy ជាការពិតណាស់ ផែនការសង្រ្គាម និងផែនការវាយប្រហារមានភាពខុសគ្នា ប៉ុន្តែជាទូទៅព័ត៌មានស្ដីពីផែនការទាំង២ ត្រូវរក្សាជាការណ៍សម្ងាត់។ ដោយឡែក ឧត្តមសេនីយ៍កងទ័ពអាកាសអាមេរិកចូលនិវត្តន៍ លោក Dave Hicks បាននិយាយថាការធ្វើឱ្យបែកធ្លាយផែនការ វាយប្រហារណាមួយនឹងបង្កផលវិបាកស្រាលពីការធ្វើឱ្យសត្រូវដឹងមុនពីការវាយប្រហារ ជាងការធ្វើឱ្យបែកធ្លាយផែនការសង្រ្គាម។ លោកបន្តថាក្នុងករណីនេះ ក្រុមហូទីមិនអាចធ្វើអ្វីដើម្បីទប់ស្កាត់ការវាយប្រហារតាមផ្លូវអាកាសបានឡើយ ប្រសិនបើទោះជាពួកគេបានដឹងមុនពីការវាយប្រហារក៏ដោយ។

* លោក ត្រាំ និងអនុប្រធានាធិបតី JD Vance ខ្វែងគំនិតគ្នាលើចេតនាវាយប្រហារលើក្រុមហ៊ូទី
សារឆ្លើយឆ្លងគ្នារវាងក្រុមមន្ត្រីអាមេរិកចេញផ្សាយដោយ The Atlantic បានបង្ហាញពីការខ្វែងគំនិតគ្នាអំពីគោលនយោបាយមួយនៃកិច្ចពិភាក្សាជំរុញដោយលោក JD Vance ដែលជាទូទៅ នៅក្រោមគោលនយោបាយនេះ កិច្ចពិភាក្សា គួរតែធ្វើឡើងនៅកន្លែងមានសុវត្ថិភាពដូចជានៅ Situation Room មិនមែននៅលើ Signal នោះទេ។ «ខ្ញុំគិតថាយើងកំពុងបង្កកំហុសមួយ»។ នេះជាការលើកឡើងរបស់លោក Vance បន្ទាប់ពីក្រុមមន្ត្រីអាមេរិកផ្សេងទៀតកត់សម្គាល់ថា ការវាយប្រហារតាមផ្លូវអាកាសនឹងត្រូវធ្វើឡើងភ្លាមៗ។ តាមលោក Vance អឺរ៉ុបជាអ្នកទទួលបានផលចំណេញច្រើនជាងសហរដ្ឋអាមេរិកពីការធ្វើពាណិជ្ជកម្មឆ្លងកាត់តាមដែនទឹក (សមុទ្រក្រហម) ដែលកំពុងរងការគំរាមកំហែងពី ក្រុមហ៊ូទី ហើយវាមិនច្បាស់នោះទេថាតើអ្វីទៅជាប្រយោជន៍ស្នូលនៃសន្តិសុខជាតិអាមេរិក នៅក្នុងការវាយប្រហារតាមផ្លូវអាកាស។ លោក Vance បានស្នើឱ្យរដ្ឋបាលលោក ត្រាំ ពន្យារពេលបើកការវាយប្រហាររយៈពេលមួយខែសិន។ «ខ្ញុំមិនប្រាកដទេថាលោកប្រធានាធិបតី (ត្រាំ) បានដឹងឬក៏អត់ថាតើវាមានភាពផ្ទុយគ្នាយ៉ាងដូចម្ដេចចំពោះសារដែលលោកបញ្ជូនទៅឱ្យអឺរ៉ុបក្នុងពេលបច្ចុប្បន្ន»។ នេះជាការបន្ថែមរបស់លោក Vance។ ប៉ុន្តែ លោក Hegseth និងក្រុមមន្ត្រីអាមេរិកដទៃទៀតបានជំរុញឱ្យមានការបើកការវាយប្រហារ ដោយសារតែបារម្ភថាចេតនាថាតើត្រូវការវាយប្រហារ ឬក៏អត់ អាចនឹងបែកធ្លាយ។ ខណៈលោក Vance ព្យាយាមចែករំលែកគំនិតរបស់លោកជាមួយលោក ត្រាំ ពួកគេបានជំរុញឱ្យមានការវាយប្រហារ រហូតដល់អនុប្រធានាធិបតីរូបនេះនិយាយថា «ប្រសិនបើអ្នកទាំងអស់គ្នា គិតថាយើងគួរតែធ្វើវា (វាយប្រហារ) អ៉ីចឹងធ្វើវាចុះ។ ខ្ញុំគ្រាន់តែមិនចង់ឱ្យអឺរ៉ុបអង្គុយចាំយកប្រយោជន៍សាជាថ្មីប៉ុណ្ណោះ»។

គួរបញ្ជាក់ថា ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Mike Waltz ដែលជាអ្នកបង្កើតគ្រុបឆាតនៅលើ Signal និងបាន add និពន្ធនាយក The Atlantic លោក Jeffrey Goldberg ចូលដោយចៃដន្យ កំពុងប្រឈមមុខនឹងការអំពាវនាវឱ្យ រូបលោកត្រូវបានបណ្ដេញចេញពីតំណែង។ ប៉ុន្តែ លោក ត្រាំ បាននិយាយថាលោកនៅតែមានការជឿជាក់លើលោក Waltz ស្របពេលដែលការចេញផ្សាយសារឆ្លើយឆ្លងជាលើកទី២កាលពីថ្ងៃពុធ របស់ The Atlantic បាន និងកំពុងបង្វែរ ការផ្តោតទៅលើលោក Pete Hegseth ដែលកំពុងរងការចោទប្រកាន់ថាបានប្រើប្រាស់កម្មវិធីផ្ញើសារទូទៅធម្មតាដូចជា Signal ដើម្បីចែករំលែកព័ត៌មានសម្ងាត់។ ខាងគណបក្សប្រជាធិបតេយ្យ បានស្នើឱ្យមានការស៊ើបអង្កេតលើការធ្វើឱ្យ បែកធ្លាយផែនការវាយប្រហារប្រឆាំងក្រុមហ៊ូទី។ លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១៥ ខែមីនា បានបញ្ជាឱ្យយោធាអាមេរិក បើកការវាយប្រហារប្រឆាំងនឹងក្រុមហ៊ូទី នៅក្នុងប្រទេសយេម៉ែន ហើយក្រុមហ៊ូទីដែលអ៉ីរ៉ង់ជាខ្នងបង្អែក បានអះអាងថាការវាយប្រហារនេះបានសម្លាប់មនុស្សយ៉ាងហោច ៥៣នាក់ ក្នុងនោះមានទាំងកុមារ និងមនុស្សជាច្រើននាក់ទៀតបានរងរបួស៕