(សេអ៊ូល)៖ ប៉ូលិសកូរ៉េខាងត្បូង នៅថ្ងៃអាទិត្យ ទី៣០ ខែមីនា បានបានបើកការស៊ើបអង្កេតមួយលើបុរសម្នាក់ដែលជាប់សង្ស័យថាជាអ្នកបង្កដោយចៃដន្យនាំឱ្យមានភ្លើងឆេះព្រៃដ៏អាក្រក់បំផុត នៅក្នុងប្រវត្តិសាស្ត្រ របស់កូរ៉េខាងត្បូង ខណៈរូបគេសម្អាតនៅជុំវិញបរិវេណផ្នូរដូនតារបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
នៅក្នុងទីក្រុង Uiseong នៃខេត្ត North Gyeongsang ដែលត្រូវបានភ្លើងឆេះព្រៃបំផ្លិចបំផ្លាញព្រៃឈើលើផ្ទៃដី ១២៨០០ហិកតា មានជនសង្ស័យរូបនេះមានអាយុ៥៦ឆ្នាំ ត្រូវបានគេសង្ស័យថាបានបង្កឱ្យមាន ភ្លើងឆេះដោយអចេតនា នៅពេលព្យាយាមសម្អាតបរិវេណផ្នូររបស់ជីដូនជីតា កាលពីថ្ងៃទី២២ ខែមីនា។ មន្ត្រីស៊ើបអង្កេតកូរ៉េខាងត្បូងម្នាក់បានប្រាប់ AFP ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាខាងប៉ូលិសកត់ឈ្មោះ បុរសជាជនសង្ស័យរួចហើយ ដោយមិនមានឃុំខ្លួនសម្រាប់ការស៊ើបអង្កេតនៅឡើយទេ ពាក់ព័ន្ធនឹងការសង្ស័យថារូបគេបានបង្កឱ្យមានភ្លើងឆេះព្រៃដោយចៃដន្យ។ មន្ត្រីរូបនេះដដែលបន្ថែមទៀតថា ក្រុមអ្នកស៊ើបអង្កេត នឹងកោះហៅបុរសជាជនសង្ស័យសម្រាប់ការសួរចម្លើយ នៅពេលការចុះធ្វើអធិការកិច្ចនៅឯកន្លែងកើតហេតុបិទបញ្ចប់ទាំងស្រុង ដែលអាចចំណាយពេលជាង ១ខែ។
ព្រមពេលជាមួយគ្នា បើតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap កូនស្រីរបស់ជនសង្ស័យបានប្រាប់ក្រុមអ្នកស៊ើបអង្កេតថាឪពុករបស់ខ្លួនបានព្យាយាមដុតមែកឈើនៅពីលើផ្នូរដោយប្រើប្រាស់ដែកកេះ ជាហេតុធ្វើឱ្យអណ្តាតភ្លើងដែលត្រូវបានបក់ដោយខ្យល់ផលនោះ ឆេះរាលដាលទៅជាភ្លើងឆេះព្រៃ។ ប៉ូលិសកូរ៉េខាងត្បូងមិនបានបញ្ចេញអត្តសញ្ញាណជនសង្ស័យ និងកូនស្រីរបស់ជនសង្ស័យឡើយ។
គួរបញ្ជាក់ថា ភ្លើងឆេះព្រៃនៅកូរ៉េខាងត្បូង ដែលបានឆាបឆេះអស់ជាច្រើនថ្ងៃមកនេះ បានសម្លាប់មនុស្ស៣០នាក់ និងបានបំផ្លាញព្រៃឈើលើផ្ទៃដីជាង ៤៨០០០ហិកតា ដែលជាកំណត់ត្រាភ្លើងឆេះព្រៃដ៏អាក្រក់ បំផុតនៅកូរ៉េខាងត្បូង៕