(ណៃពិដោ)៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា បានបន្តកើនឡើងដល់ខ្ទង់ ១ ៧០០នាក់ ខណៈក្រុមសង្គ្រោះ និងក្រុមផ្តល់ជំនួយបរទេសព្យាយាមចូលទៅកាន់តំបន់ក្រីក្រ ជាទីដែលមន្ទីរពេទ្យពោរពេញដោយអ្នករងគ្រោះ ហើយសហគមន៍ក្នុងស្រុកប្រឹងប្រែងជួយសង្គ្រោះទៅតាមលទ្ធភាព។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៥។
រដ្ឋាភិបាលយោធានិយាយថា មនុស្សចំនួន ៣ ៤០០នាក់បានរងរបួស និងជាង ៣០០នាក់ទៀតកំពុងបាត់ខ្លួន គិតត្រឹមថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ។ ឥណ្ឌា ចិន ថៃ ស្ថិតក្នុងចំណោមប្រទេសជិតខាងរបស់មីយ៉ាន់ម៉ា ដែលបានបញ្ជូនសម្ភារៈ និងក្រុមសង្គ្រោះ រួមជាមួយនិងជំនួយ ក៏ដូចជាបុគ្គលិកមកពីម៉ាឡេស៊ី សិង្ហបុរី និងរុស្ស៉ី។ ប៉ុន្តែអ្នកស្រុក នៅក្នុងទីក្រុង Mandalay និង Sagaing បានឱ្យដឹងថា ជំនួយអន្តរជាតិមិនទាន់បានទៅដល់នោះទេ ចំពោះមុខការព្រួយបារម្ភកាន់តែខ្លាំងអំពីកង្វះខាតស្បៀងអាហារ អគ្គិសនី និងទឹកធ្ងន់ធ្ងរ។
គួរបញ្ជាក់ថា ការរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ កាលពីថ្ងៃសុក្រសប្តាហ៍មុន គឺជាកម្រិតដ៏ខ្លាំងក្លាបំផុតមួយមិនធ្លាប់មានក្នុងរយៈពេលមួយសតវត្ស ដែលបានវាយលុកប្រទេសក្នុងតំបន់អាស៊ានមួយនេះ ខណៈកំពុងជួបវិបត្តិដោយសារសង្រ្គាមរួចទៅហើយ៕