(គូឡាឡាំពួ)៖ អាជ្ញាធរនិយាយថា មនុស្សចំនួន ១១២នាក់បានរងរបួស ក្នុងហេតុការណ៍អគ្គិភ័យដ៏សម្បើមមួយ ដែលផ្តើមចេញពីការផ្ទុះបំពង់ឧស្ម័នរបស់ក្រុមហ៊ុនរដ្ឋ Petronas នៅឯតំបន់ Putra Heights ទីក្រុង Puchong នៃរដ្ឋ Selangor នាថ្ងៃអង្គារ ទី១ ខែមេសានេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA។
ជនរងគ្រោះចំនួន ៤៩នាក់ កំពុងទទួលការព្យាបាលនៅស្តង់ពេទ្យ ខាងក្រៅប្រាសាទ Sri Maha Kaliamman ខណៈជនរងគ្រោះចំនួន ៦៣នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ ដើម្បីទទួលការព្យាបាលបន្ថែម។
Petronas បានឱ្យដឹងថា អគ្គិភ័យបានឆាបឆេះបំពង់បង្ហូរឧស្ម័នមួយ នៅម៉ោងប្រហែល ៨៖១០នាទីព្រឹកថ្ងៃអង្គារនេះ។ បំពង់ឧស្ម័នដែលរងផងប៉ះពាល់ត្រូវដាក់នៅដាច់ដោយឡែក រីឯស្ថានីយហ្គាសចំនួន ៣ នៅក្បែរកន្លែងកើតហេតុមិនបានរងផលប៉ះពាល់ទេ ប៉ុន្តែត្រូវបិទទ្វារជាបណ្ដោះអាសន្នសិន។
លោក Ahmad Mukhlis Mukhtar ជំនួយការនាយកដ្ឋានពន្លត់អគ្គីភ័យ និងសង្គ្រោះនៃរដ្ឋ Selangor បាននិយាយថា បំពង់បង្ហូរប្រេងប្រវែងប្រហែល ៥០០ម៉ែត្រ បានឆាបឆេះក្រោយលេចធ្លាយ។ ប្រជាពលរដ្ឋនៅតំបន់ជុំវិញ ត្រូវបានជម្លៀសចេញជាការប្រុងប្រយ័ត្នទុកមុន។ អាជ្ញាធរអាកាសចរណ៍ស៉ីវិលម៉ាឡេស៉ី ណែនាំដល់សាធារណជនកុំឱ្យបង្ហោះដ្រូន លើតំបន់ដែលកំពុងរងផលប៉ះពាល់៕