(តូក្យូ)៖ លោកនាយករដ្ឋមន្រ្តី Shigeru Ishiba បាននិយាយថា ជប៉ុននឹងបង្កើត «មជ្ឈមណ្ឌលពិគ្រោះយោបល់» ប្រហែល ១០០កន្លែង សម្រាប់អាជីវកម្មដែលរងផលប៉ះពាល់ ពីពន្ធគយរបស់សហរដ្ឋអាមេរិក ខណៈដែលលោកប្តេជ្ញាថានឹងបន្តជំរុញឱ្យមានការលើកលែងពន្ធ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១ ខែមេសា ឆ្នាំ ២០២៥។
លោក Ishiba ត្រូវបានគេមើថា បានបញ្ចេញពាក្យសម្តីម៉ឺងម៉ាត់ ជុំវិញចំណាត់ឆ្លើយតបទៅនឹងការដាក់ពន្ធរបស់សហរដ្ឋអាមេរិក ហើយថានឹងពិភាក្សាលម្អិតជាមួយក្រុមចម្រុះ កំពុងកាន់អំណាចរបស់លោក។ ក្រៅពីគម្រោងបង្កើតវេទិកាពិគ្រោះយោបល់ លោក Ishiba និយាយថា «យើងនឹងធ្វើគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីជួយដល់អាជីវកម្មខ្នាតតូច និងមធ្យមឱ្យទទួលបានមូលនិធិ»។ លោកបានប្រាប់សន្និសីទសារព័ត៌មាន យ៉ាងដូច្នេះថា «ជប៉ុនគឺជាអ្នកវិនិយោគដ៏ធំបំផុត សម្រាប់អាមេរិក។ យើងនឹងបន្តអំពាវនាវឱ្យមានការលើកលែងចំពោះប្រទេសជប៉ុន។ ប្រសិនបើចាំបាច់ ខ្ញុំនឹងធ្វើដំណើរទៅសហរដ្ឋអាមេរិក ដោយខ្លួនឯង»។
គួរបញ្ជាក់ថា ទីក្រុងតូក្យូគឺជាសម្ព័ន្ធមិត្តសេដ្ឋកិច្ច និងយុទ្ធសាស្ត្រជិតស្និទ្ធបំផុតមួយរបស់ទីក្រុងវ៉ាស៉ីនតោន ដោយមានក្រុមហ៊ុនវិនិយោគធំជាងគេ ជាពិសេសនៅក្នុងវិស័យរថយន្ត។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ពន្ធ ២៥ភាគរយដែលត្រូវប្រកាសនៅថ្ងៃពុធនេះ នឹងធ្វើឡើងចំពោះរថយន្តទាំងអស់ ដែលមិនមែនផលិតនៅក្នុងសហរដ្ឋអាមេរិក៕