(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអាទិត្យ ទី៣០ ខែមីនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកមិនបានលេងសើចនោះទេ អំពីរឿងចង់កាន់អំណាចនៅអាណត្តិទី៣។ ប៉ុន្តែលោកមិនបាន ពន្យល់ថាតើរូបលោកអាចធ្វើវាទៅកើតដោយរបៀបណាទេ ខណៈរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកបានកំណត់ឱ្យកាន់តំណែងជាប្រធានាធិបតីត្រឹម ២អាណត្តិតែប៉ុណ្ណោះ។ លោក ត្រាំ បានឡើងកាន់អំណាចជា ប្រធានាធិបតីអាមេរិក សម្រាប់អាណត្តិទី២ កាលពីថ្ងៃទី២០ ខែមករា ដែលជាអាណត្តិមិនជាប់គ្នា ទៅនឹងអាណត្តិទី១។ លោក ត្រាំ បានធ្វើជាប្រធានាធិបតីអាមេរិកអាណត្តិដំបូង ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១។ លោកបានរបូតតំណែងប្រធានាធិបតី ក្រោយចាញ់លោក ចូ បៃដិន ក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីឆ្នាំ២០២០។
អំឡុងកិច្ចសម្ភាសន៍មួយជាមួយ NBC News ពាក់ព័ន្ធសំណួរជុំវិញរឿងអាណត្តិទី៣ ដែលរូបលោកធ្លាប់ព្រលយឡើងកន្លងមក លោក ត្រាំ បាននិយាយដូច្នេះថា «ទេ ខ្ញុំមិននិយាយលេងនោះទេ ខ្ញុំមិនលលេងឡើយ ប៉ុន្តែហាក់ដូចជាឆាប់ពេក ក្នុងការគិតអំពីវា។ មានមធ្យោបាយដែលអ្នកអាចធ្វើបែបនោះបាន ដូចដែលគ្រប់គ្នាបានដឹង»។
* តើរដ្ឋធម្មនុញ្ញអាមេរិកកំណត់បែបណា?
យោងតាមច្បាប់វិសោធនកម្មទី២២ នៃរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ប្រធានាធិបតី ត្រូវបានកំណត់ឱ្យកាន់អំណាច បានត្រឹម២អាណត្តិប៉ុណ្ណោះ ដោយក្នុង១អាណត្តិមានរយៈពេល៤ឆ្នាំ ហើយមិនខ្វល់ថាតើ ជា២អាណត្តិជាប់គ្នា ឬដាច់ពីគ្នានោះឡើយ។ ច្បាប់វិសោធនកម្មទី២២នេះត្រូវបានផ្ដល់សច្ចាប័នក្នុងឆ្នាំ១៩៥១ បន្ទាប់ពីអតីតប្រធានាធិបតីអាមេរិក លោក Franklin D. Roosevelt បានប្រាសចាកពីប្រពៃណី កាន់តំណែងត្រឹម២អាណត្តិ ដែលត្រូវបានកំណត់ឡើងដោយលោក George Washington ដែលជាប្រធានាធិបតីដំបូងគេរបស់សហរដ្ឋអាមេរិក។ លោក Roosevelt ដែលជាប្រធានាធិបតី អំឡុងវិបត្តិសេដ្ឋកិច្ច Great Depression និងសង្រ្គាមលោកលើកទី២ បានកាន់តំណែងដល់៣អាណត្តិ និងបានបន្តអំណាចរហូតដល់អាណត្តិទី៤ ថែមទៀតផង។ ប៉ុន្តែលោកបានទទួលមរណភាព ក្រោយចូលអាណត្តិទី៤ បានត្រឹម ប៉ុន្មានខែ ក្នុងឆ្នាំ១៩៤៥។ លោក Wayne Unger ជាសាស្ត្រាចារ្យច្បាប់ម្នាក់មកពីសាកលវិទ្យាល័យ Quinnipiac University បាននិយាយថារដ្ឋធម្មនុញ្ញអាមេរិកបានចែងយ៉ាងច្បាស់ថាប្រធានាធិបតី អាចកាន់ អំណាចបានត្រឹម ២អាណត្តិ ដោយក្នុង១អាណត្តិមានរយៈពេល៤ឆ្នាំ។ លោកបន្តថាការព្យាយាមកែប្រែ ឬធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញណាមួយរបស់លោក ត្រាំ នឹងមិនបានសម្រេចនោះទេ។ «ខ្ញុំហ៊ានព្យាករថា តុលាការកំពូលនឹងនិយាយថាទេ។ វាច្បាស់ណាស់ គឺ២អាណត្តិ ដោយក្នុង១អាណត្តិមានរយៈពេល៤ឆ្នាំ។ ដូណាល់ ត្រាំ អ្នកមិនអាចឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិទី៣ បានឡើយ»។ នេះជាការយល់ឃើញរបស់លោក Wayne Unger។
* តើសម្ព័ន្ធមិត្តរបស់លោក ត្រាំ អាចធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបានដែរទេ?
ជាការពិតណាស់ គេអាចធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបាន។ ប៉ុន្តែ នៅក្នុងបរិបទនៃជម្លោះនយោបាយសព្វថ្ងៃរវាងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋរបស់លោក ត្រាំ ការធ្វើវិសោធនកម្មទំនងជា នឹងមិនអាចទៅរួចទេ។ សំណើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ទាមទារឱ្យមានសំឡេងគាំទ្រ២ភាគ៣ នៅសភាសហព័ន្ធទាំង២របស់សហរដ្ឋអាមេរិក ឬតាមរយៈសមាជមួយដែលត្រូវបានកោះប្រជុំដោយ២ភាគ៣ នៃរដ្ឋទំាងអស់របស់សហរដ្ឋអាមេរិក ហើយតមកទៀត ត្រូវមានការផ្តល់សច្ចាប័នដោយសភាប្រចាំរដ្ឋចំនួន៣៨ ក្នុងចំណោមរដ្ឋទាំង៥០ របស់សហរដ្ឋអាមេរិក។ សព្វថ្ងៃលោក ត្រាំ មានអាយុ៧៨ឆ្នាំហើយ និងទម្រាំចប់អាណត្តិទី២នេះ គឺលោកនឹងមានអាយុ៨២ឆ្នាំ។ ឥលូវ នៅឯសភាតំណាងរាស្ត្រ គណបក្សសាធារណរដ្ឋក្ដាប់សំឡេងភាគច្រើន ២១៨ ទល់នឹង២១៣អាសនៈរបស់គណបក្សប្រជាធិបតេយ្យ ខណៈនៅ ព្រឹទ្ធសភាវិញ គណបក្សសាធារណរដ្ឋជាអ្នកគ្រប់គ្រងដោយមានអាសនៈ ៥៣ ទល់នឹង ៤៧សំឡេងនៃគណបក្សប្រជាធិបតេយ្យ។ បន្ថែមពីលើនេះ គណបក្សសាធារណរដ្ឋក៏កំពុងគ្រប់គ្រងសភាប្រចាំរដ្ឋចំនួន ២៨ផងដែរ។ លោក Andy Ogles ជាអ្នកតំណាងរាស្ត្រអាមេរិកម្នាក់មកពីរដ្ឋ Tennessee និងជាអ្នកគាំទ្រលោក ត្រាំដ៏ងប់ងុលម្នាក់ បានស្នើកាលពីខែមករាកន្លងទៅឱ្យមានការធ្វើវិសោធនកម្មលើ ច្បាប់វិសោធនកម្មទី២២ ដើម្បីអនុញ្ញាតឱ្យកាន់តំណែងជាប្រធានាធិបតី ៣អាណត្តិមិនជាប់ៗគ្នា។ លោក ត្រាំ បានឡើងកាន់អំណាចជាប្រធានាធិបតីអាមេរិក សម្រាប់អាណត្តិទី២ កាលពីថ្ងៃទី២០ ខែមករា ដែលជាអាណត្តិមិនជាប់គ្នា ទៅនឹងអាណត្តិទី១។
* តើលោក ត្រាំ អាចឈរឈ្មោះជាបេក្ខជនអនុប្រធានាធិបតី ឬទេ?
នៅក្នុងបទសម្ភាសន៍ជាមួយ NBC លោក ត្រាំ បាននិយាយថាមានលទ្ធភាពដែលអាចទៅរួច នោះគឺឱ្យអនុប្រធានាធិបតីរបស់លោក គឺលោក JD Vance ឈរឈ្មោះជាបេក្ខជនប្រធានាធិបតី សម្រាប់ការបោះឆ្នោត នៅឆ្នាំ២០២៨ ហើយរូបលោកវិញឈរឈ្មោះជាបេក្ខជនអនុប្រធានាធិបតីរបស់លោក JD Vance។ ក្នុងករណីឈ្នះឆ្នោត នោះលោក JD Vance នឹងត្រូវលាលែងចេញពីតំណែង ដើម្បីបើកផ្លូវឱ្យលោក ត្រាំ ឡើង កាន់តំណែងជាប្រធានាធិបតី។ ប៉ុន្តែ លោក ត្រាំ ត្រូវបានហាមឃាត់ពីការឈរឈ្មោះជាបេក្ខជនអនុប្រធានាធិបតី ក៏ព្រោះថាលោកគ្មានសិទ្ធិស្របច្បាប់តាមរដ្ឋធម្មនុញ្ញ ដើម្បីឈរឈ្មោះជាប្រធានាធិបតីនោះទេ។ នៅត្រង់នេះត្រូវបានចងដោយច្បាប់វិសោធនកម្មទី១២ ដែលបានកំណត់ថា «បុគ្គលដែលគ្មានសិទ្ធិឈរឈ្មោះជាបេក្ខជនប្រធានាធិបតី ក៏មិនអាចឈរឈ្មោះជាបេក្ខជនអនុប្រធានាធិបតី បាននោះដែរ»។ ដូច្នេះបើ លោក ត្រាំ ចង់ធ្វើបែបនេះមែន នោះលោកក៏ត្រូវធ្វើវិសោធនកម្មច្បាប់វិសោធនកម្មទី១២ នៃរដ្ឋធម្មនុញ្ញអាមេរិកដែរ។
គួរបញ្ជាក់ថា វាមិនមែនជាលើកទី១ នោះទេដែលលោក ត្រាំ និយាយពីបំណងចង់កាន់តំណែងជាប្រធានាធិបតីអាមេរិកលើសពី២អាណត្តិ។ ប៉ុន្តែទោះជាពិត ឬមិនពិត តែការលើកឡើងរបស់លោក ត្រាំ ត្រូវបាន ក្រុមអ្នកវិភាគខ្លះយល់ថាបង្កប់នូវចេតនានយោបាយ។ ពោលគឺយ៉ាងហោចណាស់ វាអាចបង្វែរការចាប់អារម្មណ៍ពីបញ្ហាចម្រូងចម្រាសធំៗ ជាពិសេសគឺការធ្វើឱ្យបែកធ្លាយផែនការវាយប្រហារលើក្រុមហ៊ូទី នៅក្នុង ប្រទេសយេម៉ែន នៅក្នុងគ្រុបឆាតមួយលើបណ្ដាញទំនាក់ទំនងសង្គម Signal ដោយក្រុមមន្ត្រីកំពូលៗរបស់លោក៕