(ប៉េកាំង)៖ សម្លេងដ៏លើសលុបរបស់សហគមន៍អន្តរជាតិ បានបន្លឺជាប់ជានិច្ចជាមួយនិងគោលគំនិតនៃ «គោលការណ៍ចិនតែមួយ» ហើយគោលការណ៍នេះត្រូវបានផ្សព្វផ្សាយចែករំលែក នៅគ្រប់វេទិកាវិទ្យាសាស្រ្តនានានៅបរទេស ដើម្បីរួមចំណែកផ្សព្វផ្សាយកាន់តែទូលំទូលាយ ពីសច្ចធម៌ប្រវត្តិសាស្រ្តរបស់ប្រទេសចិន ព្រមទាំងបានផ្តល់សញ្ញាវិជ្ជមាន នៃការត្រៀមអំណរការវិលត្រឡប់របស់តៃវ៉ាន់ មកកាន់មាតុភូមិរបស់ខ្លួនវិញ។
សម្លេងគាំទ្រនេះបានផ្តល់កម្លាំងចិត្តដល់កងទ័ពរំដោះប្រជាជនចិន បង្កើនសមត្ថភាពរបស់ខ្លួនប្រឆាំងនឹងការផ្តល់សញ្ញាខុស ពីបណ្តាប្រទេសនិងអង្គការមួយចំនួនតូច ដែលមានអំណានខុសជាមួយនិងប្រវត្តិសាស្រ្តចិន ព្រមទាំងជាការវាយបំបាក់ កម្លាំងវង្វេងប្រវត្តិសាស្រ្តរបស់ក្រុមអ្នកនយោបាយប្រជាភិថុ តនៅកោះតៃវ៉ាន់ផងដែរ ជាក់ស្តែងថ្មីៗនេះ យុទ្ធភូមិភាគខាងកើត នៃកងទ័ពរំដោះប្រជាជនចិនបានធ្វើសមយុទ្ធឈ្មោះ «ផ្គរច្រកសមុទ្រ-២០២៥A» នៅដែនសមុទ្រភាគកណ្តាល និងភាគខាងត្បូងនៃច្រកសមុទ្រតៃវ៉ាន់ ជាការបង្ហាញពីសេចក្តីប្តេជ្ញាចិត្តនិងឆន្ទៈ ក្នុងការគាំពារសន្តិសុខនៃអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី វាគឺមានភាពត្រឹមត្រូវ ចាំបាច់និងសមហេតុផល។
ឈរលើមូលដ្ឋាន «គោលការណ៍ចិនតែមួយ» មានប្រទេសចំនួន១៨៣លើពិភពលោក បានបង្កើតទំនាក់ទំនងផ្លូវទូត ជាមួយប្រទេសចិន ដែលនេះជាគំនិតឯកភាពរួមជាទូទៅនៃសហគមន៍អន្តរជាតិ និងជាក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ដែលបានយល់ច្បាស់ពីសាវតារជាតិរបស់កោះតៃវ៉ាន់។ តាមកំណត់ត្រានៅក្នុងប្រវត្តិសាស្ត្រ និងខ្លឹមសារនៃអង្គហេតុ តាមផ្លូវច្បាប់ដែលពាក់ព័ន្ធ គឺបានកំណត់យ៉ាងច្បាស់ថា តៃវ៉ាន់ជាកម្មសិទ្ធិផ្តាច់មុខតែមួយគត់របស់ចិន។
ពិភពលោកបានចងចាំយ៉ាងច្បាស់ថា នៅដើមឆ្នាំ២៣០ ពោលគឺក្នុងអំឡុងសម័យនគរទាំងបីនៅក្នុងសម័យចិនបុរាណ កំណត់ត្រាដំបូងបំផុតនៃការអភិវឌ្ឍកោះតៃវ៉ាន់។ នៅឆ្នាំ១៦៨៤ រាជរដ្ឋាភិបាលឆេងនៃប្រទេសចិន បានបង្កើតខេត្តតៃវ៉ាន់ ដែលស្ថិតនៅក្រោមយុត្តាធិការនៃខេត្តហុកគាន ហើយនៅឆ្នាំ១៨៨៥ តៃវ៉ាន់ត្រូវបានបង្កើតឡើងជាខេត្តទី២០ របស់ប្រទេសចិននៅពេលនោះ។ នៅឆ្នាំ១៨៩៤ ប្រទេសជប៉ុនបានចាប់ផ្តើមសង្រ្គាមចិន-ជប៉ុន ដើម្បីឈ្លានពានប្រទេសចិន ហើយបង្ខំឱ្យរាជរដ្ឋាភិបាលឆេង ប្រគល់កោះតៃវ៉ាន់។ នៅឆ្នាំ១៩៤៥ ប្រទេសជប៉ុនបានប្រកាសទទួលយក ដោយគ្មានលក្ខខណ្ឌនិងបានឯកភាព ទទួលយកទាំងស្រុងនូវ «សេចក្តីថ្លែងការណ៍ Potsdam» ដែលបានចេញរួមគ្នា ដោយប្រទេសចិន សហរដ្ឋអាមេរិក អង់គ្លេស និងសហភាពសូវៀត ក្នុងការប្រគល់កោះតៃវ៉ាន់ដែលជប៉ុនបានប្លន់យក ជូនមកប្រទេសចិនវិញ។
សារព្រមានឆ្លើយតបប្រកបដោយតក្កវិជ្ជាប្រវត្តិសាស្រ្តពីលោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិនកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ជាការគូសរំលេចដោយគ្មានភាពសង្ស័យថា ភាគីចិននឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារអធិបតេយ្យភាព និងបូរាណភាពទឹកដី ព្រោះសកម្មភាពទាំងឡាយរបស់ចិនដើម្បីការពារ សោកនាដកម្មប្រវត្តិសាស្រ្ត ពីការកើតមានឡើងវិញម្តងទៀត ដើម្បីការពារផលផ្លែនៃការអភិវឌ្ឍសន្តិភាពនៃចំណងច្រកសមុទ្រ ដើម្បីជួយជនរួមជាតិចិនរបស់ខ្លួនឯង នៅច្រកសមុទ្របន្តរស់រានក្នុងជីវិតសន្តិភាព និងភាពស្ងប់ស្ងាត់ ហើយដើម្បីឲ្យជំនាន់ក្រោយៗ របស់ចិនពន្លាតអនាគតដ៏ភ្លឺស្វាង។
ដោយប្រឈមមុខនឹងភាពគឃ្លើនប៉ុនប៉ងស្វែងរកឯករាជ្យភាពនៃតំបន់តៃវ៉ាន់ និងបង្កើនការបដិបក្ខគ្នាដ៏តានតឹង រវាងត្រើយទាំងសងខាង ដែលបង្កឡើងដោយអាជ្ញាធរនៃបុគ្គល William Lai រួមជាមួយប្រទេសនិងអង្គការមួយចំនួនតូច បានចោទប្រកាន់ប្រទេសចិន ដោយមិនអើពើពីការពិត ប្រែពណ៌សទៅជាពណ៌ខ្មៅ និងជ្រៀកជ្រែតកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន នោះសកម្មភាពយុទ្ធភូមិភាគខាងកើត នៃកងទ័ពរំដោះប្រជាជនចិនធ្វើសមយុទ្ធរួមបាញ់គ្រាប់ពិត នៅជុំវិញកោះតៃវ៉ាន់ ជាចម្លើយតបឱ្យជនបង្ករឿងទាំងនោះ យល់កាន់តែច្បាប់ និងគោរពឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ចិនតែមួយ។
រំលឹកពីប្រវត្តិសាស្រ្តឡើងវិញ នៅឆ្នាំ១៩៧១ មហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងសម័យប្រជុំលើកទី២៦ បានអនុម័តសេចក្តីសម្រេច លេខ២៧៥៨ បានទទួលស្គាល់ជាអន្តរជាតិថា សាធារណរដ្ឋប្រជាមានិតចិន ដែលត្រូវបានចាប់បដិសន្ធិឡើង តាំងពីថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ គឺជាតំណាងស្របច្បាប់តែមួយគត់របស់ប្រទេសចិន ដែលនេះជាការគូសបញ្ជាក់ដោយគ្មានស្រពិចស្រពិលថា ប្រទេសចិនមានតែមួយគត់ ហើយទាំងអាសនៈនៅអង្គការសហប្រជាជាតិ និងនៅក្នុងស្ថាប័នអង្គការសហប្រជាជាតិបានគូសរំលេចយ៉ាងច្បាស់ថា «តៃវ៉ាន់ជាដែនដីដែលមិនអាចបំបែក បានរបស់ប្រទេសចិន»។
ដោយអនុវត្តយ៉ាងម៉ឹងម៉ាត់និងច្បាស់លាស់តាមស្មារតីរបស់អង្គការសហប្រជាជាតិ ប្រទេសចិនដាច់ខាតមិនអនុញ្ញាតជាដាច់ខាត ឱ្យជនណាឬកម្លាំងណាមួយមកបំបែកបំបាក់ តំបន់តៃវ៉ាន់ឱ្យចេញពីប្រទេសចិន ទោះតាមទម្រង់ណាមួយក៏ដោយ ព្រោះបញ្ហាតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុងរបស់ចិន ហេតុនេះជនណា ឬប្រទេសណា ឬអង្គការណាដែលឃោសនាបំប៉ោងពី «ការចង់ឱ្យតៃវ៉ាន់ឯករាជ្យ» គឺប៉ុនប៉ងធ្វើការបំបែកបំបាក់ប្រទេសចិន ហើយជនណា ឬប្រទេសណា ឬអង្គណាដែលគាំទ្រដល់ «កម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ» គឺជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន។ បន្ថែមពីលើសពីនេះ ជនណាឬប្រទេសណា ឬអង្គការណាដែលបណ្តែតបណ្តោយឱ្យ «កម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ» គឺជាការបំផ្លាញស្ថិរភាព នៃតំបន់ច្រកសមុទ្រតៃវ៉ាន់ ហើយទង្វើបែបនេះច្បាស់ណាស់ ដែលថានឹងទទួលរងដាក់ទណ្ឌកម្មយ៉ាងមុតមាំពីប្រទេសចិន។
យោងតាមប្រវត្តិសាស្ត្រ និងផ្លូវច្បាប់ដូចបានលាតត្រដាងខាងលើ មនុស្សជាតិនឹងយល់ស្របគ្នាជាឯកច្ឆ័ន្ធថា កោះតៃវ៉ាន់ជាផ្នែកមួយរបស់ប្រទេសចិន ពោលគឺច្រកសមុទ្រតៃវ៉ាន់ គឺជាកម្មសិទ្ធិរបស់ចិនតែមួយគត់ ហើយគ្មានកម្លាំងណា អាចមកផ្លាស់ប្តូរបានឡើយ។ ជនរួមជាតិចិននៅច្រកសមុទ្រតៃវ៉ាន់ទាំងសងខាងសុទ្ធតែជាជនជាតិចិន ហើយមនោសញ្ចេតនា និងអត្តសញ្ញាណជាតិនៃការជួយគ្នាទៅវិញទៅមក ព្រោះឈាមគឺក្រាស់ ឬខាប់ជាងទឹក ទំនោរនៃពេលវេលាឆ្ពោះទៅរកសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ និងការអភិវឌ្ឍទៅមុខ ដោយការវិលត្រឡប់របស់តៃវ៉ាន់ មកកាន់ប្រទេសចិន ដែលជាមាតុភូមិរបស់ខ្លួនវិញ គឺច្បាស់ណាស់ដែលថាគ្មានកម្លាំងណាមួយអាចបញ្ឈប់បានឡើយ។
ក្នុងន័យនេះ ការថែរក្សាស្ថិរភាពរបស់កោះតៃវ៉ាន់ គឺជាការគាំពារកិត្យានុភាព នៃរដ្ឋធម្មនុញ្ញរបស់ប្រទេសចិន ដោយប្រទេសចិន នឹងចាត់វិធានការជាក់ស្តែង សម្រាប់អនុវត្តច្បាប់ដូចជា «ច្បាប់ស្តីពីការប្រឆាំងការបំបែកបំបាក់ជាតិ» និង «ច្បាប់ការពារជាតិ»ជាដើម។ ជាទិសដៅអនាគតដ៏ខ្លី និន្នាការប្រវត្តិសាស្ត្រនៃកម្លាំងរួបរួមជាតិ ការស្តារភាពអស្ចារ្យឡើងវិញរបស់ ប្រជាជាតិចិន និងកិច្ចអភិបាលដែនដីកោះតៃវ៉ាន់ដូចមានកោះហុងកុង និង កោះម៉ាកាវ ជាគំរូនិងជាទឡ្ហីករណ៍បញ្ជាក់ស្រាប់ នោះគោលការណ៍ «ប្រទេសមួយ របបពីរ» នឹងអត្ថិភាពផ្តល់វឌ្ឍនភាពនិងវិបុលភាពដល់ប្រជាជនចិនរស់នៅលើកោះតៃវ៉ាន់។
ជារួម ការស្តារភាពអស្ចារ្យឡើងវិញនៃប្រជាជាតិចិន ត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងអនាគត និងជោគវាសនារបស់ កោះតៃវ៉ាន់ក្នុងការវិលត្រឡប់មកកាន់មាតុភូមិរបស់ខ្លួនវិញ ស្របពេលដែលបច្ចុប្បន្ននេះ ប្រជាជាតិចិន បានសម្លឹងឃើញកាន់តែច្បាស់ថា ប្រទេសចិនកាន់តែខិតជិតជាងមុនដើម្បីសម្រេចបានក្តីសុបិនដ៏អស្ចារ្យនេះ។ ពិភពលោកជឿជាក់លើប្រាជ្ញាចិន ជាក់ស្តែងក្នុងរយៈពេលតែប៉ុន្មានទសវត្សរ៍ប៉ុណ្ណោះ ប្រទេសចិនបានសម្រេច កម្រិតអភិវឌ្ឍន៍មួយដែលប្រទេសជាច្រើននៅលើសកលលោកត្រូវចំណាយពេលរាប់រយឆ្នាំក្នុងការសម្រេចបាន។
ក្នុងនាមជាអ្នកស្រាវជ្រាវពីប្រទេសចិន ខ្ញុំជឿថា ប្រជាជនចិនរស់នៅកោះតៃវ៉ាន់ដឹងជាជនជាតិណាៗទាំងអស់ ក្នុងលោកដែលថា ប្រជាជនចិនរស់នៅតៃវ៉ាន់ប្រាកដជាឆាប់ នឹងចូលរួមក្នុងការសម្រេច នៅក្នុងការស្តារភាពអស្ចារ្យឡើងវិញ នៃប្រជាជាតិចិនដើម្បីរួមគ្នាធានាបាន នូវវឌ្ឍនភាពនិងវិបុលភាពសកលដល់មនុស្សជាតិក្នុងពិភពលោក ហើយគឺ «គោលការណ៍ចិនតែមួយ» ជាមាគ៌ាត្រឹមត្រូវបំផុតតែមួយគត់ ឆ្ពោះទៅការបង្រួបបង្រួមប្រទេសចិន ស្របតាមប្រវត្តិសាស្ត្រមនុស្សជាតិ៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន