(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានឱ្យដឹងថា លោកមានគម្រោងទូរស័ព្ទទៅប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅដើមសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពីការដំឡើងពន្ធដែលប្រកាសដោយសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអាទិត្យ ទី៦ ខែមេសា ឆ្នាំ ២០២៥។

លោក Ishiba បានថ្លែងក្នុងកម្មវិធីទូរទស្សន៍មួយកាលពីថ្ងៃសៅរ៍ថា លោកនឹងលើកឡើងពីទឡ្ហីករណ៍សមហេតុផល អំពីអត្ថប្រយោជន៍ដែលសហរដ្ឋអាមេរិកទទួលបានពីប្រទេសជប៉ុន។ លោកបានបន្ថែមថា ជប៉ុនក៏កំពុងពិចារណាលើការវិនិយោគថ្មីៗបន្ថែមទៀតនៅក្នុងសហរដ្ឋអាមេរិកផងដែរ។

លោក Ishiba ក៏បានគូសបញ្ជាក់ថា ជប៉ុនមិនមានបំណងដាក់ពន្ធសងសឹកប្រឆាំងនឹងសហរដ្ឋអាមេរិកនោះទេ ដោយបញ្ជាក់យ៉ាងដូច្នេះថា «យើងនឹងមិនដើរតាមយុទ្ធសាស្ត្រយកចាញ់ឈ្នះគ្នាទៅវិញទៅមកនោះទេ»

គួរបញ្ជាក់ថា លោក ត្រាំ បានប្រកាសការដំឡើងពន្ធថ្មីកាលពីថ្ងៃពុធ ដោយដាក់ពន្ធមូលដ្ឋាន ១០ ភាគរយលើការនាំចូលពីដៃគូពាណិជ្ជកម្មទាំងអស់ និងអត្រាពន្ធខ្ពស់ជាងនេះលើទំនិញមួយចំនួន។ ជប៉ុនត្រូវបានគេដាក់ពន្ធរហូតដល់ ២៤ ភាគរយ ដែលខ្ពស់ជាងការរំពឹងទុក ដែលជាហេតុធ្វើឱ្យទីក្រុងតូក្យូ កំពុងជំរុញឱ្យមានការលើកលែងពន្ធនេះ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោក Ishiba គ្រោងនឹងស្នើសុំឱ្យលោក ត្រាំ ពិចារណាឡើងវិញអំពីពន្ធគយនេះ ដោយលើកឡើងពីតួនាទីដ៏សំខាន់របស់ជប៉ុនក្នុងនាមជាអ្នកវិនិយោគបរទេសធំជាងគេនៅសហរដ្ឋអាមេរិក។ លោកនាយករដ្ឋមន្ត្រីបានថ្លែងកាលពីថ្ងៃសុក្រថា ពន្ធថ្មីរបស់សហរដ្ឋអាមេរិកបានបង្កឱ្យមាន «វិបត្តិជាតិ» នៅក្នុងប្រទេសរបស់លោក៕