(ញូវដែលី)៖ មន្ត្រីរដ្ឋាភិបាលឥណ្ឌាម្នាក់បាននិយាយថា ប្រទេសឥណ្ឌាមិនមានគម្រោងសងសឹកប្រឆាំងនឹងពន្ធ ២៦% របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លើការនាំចូលពីប្រទេសអាស៊ីមួយនេះទេ ដោយលើកឡើងពីការពិភាក្សាដែលកំពុងបន្តសម្រាប់កិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៦ ខែមេសា ឆ្នាំ ២០២៥។
មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា រដ្ឋបាលរបស់នាយករដ្ឋមន្ត្រី Narendra Modi បានពិនិត្យមើលឃ្លាមួយ នៃបទបញ្ជាពន្ធរបស់លោក ត្រាំ ដែលផ្តល់នូវការបន្ធូរបន្ថយដែលអាចកើតមានសម្រាប់ដៃគូពាណិជ្ជកម្មដែល «ចាត់វិធានការសំខាន់ៗដើម្បីដោះស្រាយពាណិជ្ជកម្មដែលមិនមានភាពស៊ីសង្វាក់គ្នាទៅវិញទៅមក»។
គួរបញ្ជាក់ថា ឥណ្ឌាមើលឃើញអត្ថប្រយោជន៍ ក្នុងការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិកមុន ប្រទេសអាស៊ីផ្សេងទៀតដូចជា ចិន វៀតណាម និងឥណ្ឌូនេស៊ី ដែលត្រូវបានអាមេរិកដំឡើងពន្ធខ្ពស់រួចទៅហើយ។
ការសម្រេចចិត្តរបស់ឥណ្ឌាមិនដាក់ពន្ធសងសឹកនេះ ធ្វើឡើងស្របពេលដែលប្រទេសផ្សេងទៀតដូចជាសហភាពអឺរ៉ុបកំពុងរៀបចំដាក់ពន្ធបន្ថែមលើទំនិញអាមេរិក។ ឥណ្ឌា និងអាមេរិកបានព្រមព្រៀងគ្នាកាលពីខែកុម្ភៈ ក្នុងការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មដំបូងនៅរដូវស្លឹកឈើជ្រុះឆ្នាំ ២០២៥ ដើម្បីដោះស្រាយបញ្ហាពន្ធគយ៕