(វ៉ាស៊ីនតោន)៖ ក្រុមឧទ្ទាមហ៊ូទី បានអះអាងថាការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ ទី៦ ខែមេសា បានសម្លាប់មនុស្សយ៉ាងហោច ៤នាក់ នៅក្នុងរដ្ឋធានីសាណា នៃប្រទេសយេម៉ែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP។

តាមក្រុមហ៊ូទី ការវាយប្រហាររបស់សហរដ្ឋអាមេរិកលើរដ្ឋធានីសាណា បានត្រូវចំផ្ទះមួយខ្នង និងបានបណ្ដាលឱ្យមនុស្ស២០នាក់ផ្សេងទៀតបានរងរបួស ក្នុងនោះរួមមានស្ត្រី ៤នាក់ និងកុមារម្នាក់។ ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រងដោយក្រុមហ៊ូទី បានឱ្យដឹងថាយន្ដហោះចម្បាំងអាមេរិក ក៏បានបើកការវាយប្រហារតាមផ្លូវអាកាសចំនួន ៣លើកផ្សេងទៀតផងដែរ លើតំបន់ Al Jabal al Aswad នៅក្នុងស្រុក Bani Matar ស្ថិតនៅភាគខាងលិចនៃរដ្ឋធានីសាណា។ ប៉ុន្តែភ្លាមៗ មិនទាន់មានសេចក្ដីរាយការណ៍ពីអ្នកស្លាប់ ឬរងរបួសនៅឡើយទេ។

គួរបញ្ជាក់ថា មនុស្សរាប់សិបនាក់នៅក្នុងប្រទេសយេម៉ែន ត្រូវបានសម្លាប់ ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក ចាប់តាំងពីលោក ដូណាល់ ត្រាំ បានចេញបញ្ជាឱ្យវាយប្រហារលើក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់កាលពីខែមីនាមក។ សេតវិមានវិញបានឱ្យដឹងថាមកទល់នឹងពេលនេះ ទីក្រុងវ៉ាស៊ីនតោនបានវាយប្រហារតាមផ្លូវអាកាសជាង ២០០លើកប្រឆាំងក្រុមហ៊ូទី ដើម្បីកំញើញឱ្យក្រុមប្រដាប់អាវុធមួយនេះបញ្ឈប់ការវាយប្រហារលើអ៉ីស្រាអែល និងកប៉ាល់ដឹកទំនិញនៅក្នុងតំបន់សមុទ្រក្រហម៕