(ព្រុចស៊ែល)៖ សហភាពអឺរ៉ុបបានសម្រេចនៅថ្ងៃចន្ទថា ខ្លួននឹងផ្តល់អាទិភាពដល់ការចរចាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាពន្ធដែលដាក់ដោយប្រធានាធិបតី ដូណាល់ ត្រាំ ជាជាងការឆ្លើយតបដោយការសងសឹកភ្លាមៗ។ ការសម្រេចចិត្តនេះធ្វើឡើង បើទោះបីជាប្លុកនេះបានត្រៀមរៀបចំវិធានការតបតជាជំហានដំបូងរួចហើយក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ ២០២៥។
រដ្ឋមន្ត្រីពាណិជ្ជកម្មនៃបណ្តាប្រទេសជាសមាជិក EU បានជួបប្រជុំគ្នានៅប្រទេសលុចសំបួ ដើម្បីពិភាក្សាអំពីការឆ្លើយតបចំពោះពន្ធរបស់អាមេរិក និងទំនាក់ទំនងជាមួយប្រទេសចិន ដោយអាទិភាពចម្បងគឺការចាប់ផ្តើមចរចា និងការចៀសវាងសង្គ្រាមពាណិជ្ជកម្មពេញលេញ។ រដ្ឋមន្ត្រីពាណិជ្ជកម្មហូឡង់ លោក Reinette Klever បានលើកឡើងថា EU គួរតែរក្សាភាពស្ងប់ស្ងាត់ និងឆ្លើយតបដោយវិធីកាត់បន្ថយភាពតានតឹង ប៉ុន្តែត្រៀមខ្លួនចាត់វិធានការសងសឹកប្រសិនបើចាំបាច់។
ទោះបីជាប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានបញ្ជាក់ពីការត្រៀមខ្លួនរបស់ EU ក្នុងការចរចាកិច្ចព្រមព្រៀងពន្ធ «សូន្យទល់នឹងសូន្យ» សម្រាប់ទំនិញឧស្សាហកម្មក៏ដោយ ក៏ការពិភាក្សាជាមួយទីក្រុងវ៉ាស៊ីនតោនរហូតមកដល់ពេលនេះនៅតែជួបការលំបាក។ ស្នងការពាណិជ្ជកម្ម EU លោក Maros Sefcovic បានពណ៌នាកិច្ចពិភាក្សាថា «ដោយស្មោះត្រង់» ហើយបានរិះគន់ពន្ធរបស់អាមេរិកថា «បង្កការខូចខាត និងមិនសមហេតុផល»។
គួរបញ្ជាក់ថា សហភាពអឺរ៉ុប (EU) ដែលមានសមាជិក ២៧ ប្រទេស ត្រូវបានគេរំពឹងថានឹងរៀបចំកញ្ចប់វិធានការសងសឹកទ្រង់ទ្រាយធំនៅចុងខែមេសានេះ ដើម្បីឆ្លើយតបនឹងពន្ធលើរថយន្តអាមេរិក និងពន្ធ «ទៅវិញទៅមក» ផ្សេងទៀត។ ទោះយ៉ាងណា សមត្ថភាពរបស់ EU ក្នុងការសងសឹកមានដែនកំណត់ជាងសហរដ្ឋអាមេរិក ដោយសារតម្លៃទំនិញដែល EU នាំចូលពីអាមេរិក ៣៣៤ ពាន់លានអឺរ៉ូក្នុងឆ្នាំ ២០២៤ មានចំនួនតិចជាងតម្លៃទំនិញដែល EU នាំចេញទៅអាមេរិក ដែលមានរហូតដល់ ៥៣២ ពាន់លានអឺរ៉ូ៕