(សេអ៊ូល)៖ រដ្ឋាភិបាលកូរ៉េខាងត្បូង នៅថ្ងៃអង្គារ ទី៨ ខែមេសា បានអនុម័តសម្រេចកំណត់យកថ្ងៃទី៣ ខែមិថុនា ជាកាលបរិច្ឆេទរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីមុនអាណតិ្ត បន្ទាប់ពីលោក Yoon Suk Yeol ត្រូវបានតុលាការធម្មនុញ្ញទម្លាក់ចេញពីតំណែងកាលពីថ្ងៃទី៤ ខែមេសា ជុំវិញការប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

គណៈរដ្ឋមន្ត្រីកូរ៉េខាងត្បូងបានអនុម័តកំណត់យកកាលបរិច្ឆេទខាងលើ បន្ទាប់ពីបានពិភាក្សាជាមួយគណៈកម្មការជាតិរៀបចំការបោះឆ្នោត។ លោក Yoon Suk Yeol ត្រូវបានតុលាការធម្មនុញ្ញកូរ៉េខាងត្បូង ទម្លាក់ចេញពីតំណែងពីបទរំលោភបំពានរដ្ឋធម្មនុញ្ញ ពាក់ព័ន្ធនឹងការប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹករយៈពេលខ្លីកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ និងបានដាក់ពង្រាយកងទ័ពក្នុងចេតនាបញ្ឈប់ការបោះឆ្នោត របស់សភាជាតិ ដើម្បីលុបចោលច្បាប់អាជ្ញាសឹករបស់លោក។

នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង និងជាប្រធានាធិបតីស្ដីទី លោក Han Duck-soo ក៏បានប្រកាសពីការកំណត់យកកាលបរិច្ឆេទខាងលើផងដែរ ដោយនិយាយថា «រដ្ឋាភិបាលបានកំណត់យកថ្ងៃទី៣ ខែមិថុនា ជាកាលបរិច្ឆេទរៀបចំការបោះឆ្នោតប្រធានាធិបតីរបស់កូរ៉េខាងត្បូងលើកទី២១»។ លោកបន្តថាថ្ងៃបោះឆ្នោតនេះនឹងត្រូវបានកំណត់ជាថ្ងៃឈប់សម្រាកមួយថ្ងៃ ដើម្បីសម្រួលដល់អ្នកបោះឆ្នោត។

គួរបញ្ជាក់ថា បើតាមស្ទង់មតិមួយរបស់ស្ថាប័ន Gallup ចេញផ្សាយកាលពីថ្ងៃទី៤ ខែមេសា អ្នកដែលត្រូវបានសម្ភាសន៍ ៣៤ភាគរយ បាននិយាយថាពួកគេគាំទ្រឱ្យលោក Lee Jae-myung មកពីគណបក្ស ប្រជាធិបតេយ្យដែលជាបក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង ក្លាយជាប្រធានាធិបតីថ្មី ខណៈ៩ភាគរយគាំទ្រ រដ្ឋមន្ត្រីក្រសួងការងារ លោក Kim Moon-soo និង៥ភាគរយគាំទ្រ លោក Han Dong-hoon ជាអតីតមេដឹកនាំគណបក្សកាន់អំណាចសព្វថ្ងៃរបស់លោក Yoon Suk Yeol៕