(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើការប្រកាសដ៏ភ្ញាក់ផ្អើលមួយ កាលពីថ្ងៃចន្ទ ទី៧ ខែមេសាថាសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ គ្រោងនឹងចាប់ផ្ដើមកិច្ចចរចាដោយផ្ទាល់ស្ដីពីកម្មវិធី នុយក្លេអ៊ែររបស់តេហេរ៉ង់ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់អះអាងថាកិច្ចពិភាក្សានៅក្នុងប្រទេសអូម៉ង់ ជាកិច្ចចរចាដោយប្រយោល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អ៉ីរ៉ង់ ក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះបានច្រានចោលការគំរាមរបស់លោក ត្រាំ ដែលថាអ៉ីរ៉ង់មានជម្រើស២ ដើម្បីជ្រើសរើសនោះគឺងថាតើអ៉ីរ៉ង់ចង់ភ្លក្សការទម្លាក់គ្រាប់បែក ឬអង្គុយចរចាជាមួយសហរដ្ឋអាមេរិក។ ជាថ្មីម្ដងទៀត ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅឯការិយាល័យពងក្រពើនៃសេតវិមាន អំឡុងជំនួបជាមួយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ លោក ត្រាំ បានព្រមានថាអ៉ីរ៉ង់មិនអាច មានអាវុធនុយក្លេអ៊ែរដាច់ខាត ហើយប្រសិនបើកិច្ចចរចាបរាជ័យ នោះវានឹងក្លាយជាថ្ងៃដ៏អាក្រក់បំផុតសម្រាប់អ៉ីរ៉ង់។
តាមលោក ត្រាំ កិច្ចចរចាជាមួយអ៉ីរ៉ង់នឹងត្រូវធ្វើឡើងដោយផ្ទាល់។ «យើងនឹងមានកិច្ចពិភាក្សាដោយផ្ទាល់ជាមួយអ៉ីរ៉ង់...កិច្ចពិភាក្សានោះនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ យើងនឹងមានជំនួបដ៏ធំមួយ ហើយយើងនឹងបានឃើញថានឹងមានអ្វីកើតឡើង»។ នេះជាការគូសបញ្ជាក់របស់លោក ត្រាំ ដោយបន្ថែមថាកិច្ចពិភាក្សាជាមួយអ៉ីរ៉ង់នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះគឺជាកិច្ចប្រជុំកម្រិតខ្ពស់បំផុតមួយ តែលោកមិនបាន បង្ហើបថាកិច្ចពិភាក្សានេះនឹងប្រព្រឹត្តទៅនៅទីណានោះទេ ដោយគ្រាន់តែនិយាយថាវាមានលទ្ធភាពដែលអាចនឹងឈានដល់កិច្ចព្រមព្រៀងមួយ។
ក៏ប៉ុន្តែ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គម X ថាកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក គឺជាកិច្ចរចាដោយប្រយោលកម្រិតខ្ពស់ ដែលនឹងត្រូវធ្វើឡើង នៅក្នុងប្រទេសអូម៉ង់។ អូម៉ង់គឺជាប្រទេសមួយក្នុងតំបន់មជ្ឈិមបូព៌ាដែលរក្សាទំនាក់ទំនងល្អទាំងជាមួយសហរដ្ឋអាមេរិក និងអ៉ីរ៉ង់៕